កាលពីខែមុននេះមានការបែកធ្លាយចេញនួវព័ត៌មានជាច្រើនបាននិយាយថា Samsung បានធ្វើការពិភាក្សាជាមួយនិងក្រុមហ៊ុនផលិតអេក្រង់របស់ចិន BOE ទៅលើការផ្គត់ផ្គង់ទៅលើអេក្រង់ OLED សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Galaxy S27 ដែលគ្រោងនឹងប្រកាសចេញនៅដើមឆ្នាំក្រោយ។ ជាមួយនិងអេក្រង់របស់ BOE នេះ ត្រូវបានគេរាយការណ៌ថា នឹងមានតម្លៃថោកជាង $5 ប្រៀបធៀបជាមួយនិងអេក្រង់របស់ក្រុមហ៊ុន Samsung Display។ តាមរយៈព័ត៌មានទាំងនេះ បានធ្វើអោយហ្វេនជាច្រើនមានការព្រួយបារម្ភទៅលើការប្រើប្រាស់ ហើយនឹងជឿជាក់ថា S27 គឺពិតជានឹងប្រើអេក្រង់ចិន ដោយសារតែក្រុមហ៊ុនចង់មានសន្សំសំចៃថ្លៃដើម។

ប៉ុន្តែថ្ងៃនេះ មានដំណឹងល្អថ្មីសម្រាប់ហ្វេនៗ Samsung ដោយព័ត៌មានថ្មីនេះ បញ្ជាក់ថា ក្រុមហ៊ុន Samsung បានសម្រេចចិត្តមិនប្រើប្រាស់អេក្រង់របស់ BOE ដែលជាក្រុមហ៊ុនផលិតអេក្រង់របស់ចិន នៅលើ Galaxy S27 នោះទេ។ ដូច្នេះជាមួយនិងវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S27 Series ទាំងអស់របស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ គឺនឹងមានការប្រើប្រាស់នូវអេក្រង់ OLED របស់ Samsung Display ទាំងអស់។

សូមជំរាបថា មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Samsung Display មិនសប្បាយចិត្តនោះទេ ទាក់ទងជាមួយនិងការផ្លាស់ប្តូរការប្រើប្រាស់បន្ទះអេក្រង់របស់ក្រុមហ៊ុន Samsung Electronics នាពេលកន្លងមក។ ទាក់ទងជាមួយនិងស្មាតហ្វូនថ្នាក់កណ្តាលរបស់ Samsung Electronics គឺធ្លាប់បានប្រើប្រាស់នូវអេក្រង់ BOE រួចហើយ។ ស្របពេលដែលមានដំណឹងថា នឹងប្រើប្រាស់នៅលើ S27 នៅមុខនេះ បានធ្វើអោយ ក្រុមហ៊ុន Samsung Display កាន់តែខឹង ខណៈដែលថ្នាក់់ដឹកនាំជាន់ខ្ពស់មួយចំនួនរបស់ Samsung Electronics ក៏មិនពេញចិត្តទៅលើការសម្រេចចិត្តនេះដែរ។
