
បន្ទាប់ពីការប្រកាសទៅលើស្មាតហ្វូន OPPO Reno 12 series នៅក្នុងទីផ្សារប្រទេសចិននាពេលថ្មីៗនេះរួចមក ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមួយនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះហើយ។ ខណៈពេលដែលលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនម៉ូដែលសកលនេះ នៅមិនទាន់បានបញ្ជាក់នោះ នៅពេលនេះ មានរបាយការណ៍ជាច្រើនបានទម្លាយថា ស្មាតហ្វូន Reno 12 5G និង Reno 12 Pro 5G នឹងមានបន្ទះឈីប Dimensity 7300 SoC ។
បើតាមអ្នកទម្លាយ Paras Guglani នៅពេលនេះ គឺបានបញ្ចេញព័ត៌មានពណ៌ ទំហំម៉េមូរី និងតម្លៃរបស់ស្មាតហ្វូន Reno 12 series នៅក្នុងទីផ្សារសកលហើយ។ នៅក្នុងការបង្ហោះនៅលើបណ្តាញ X ដែលចេញពីអ្នកទម្លា Guglani នោះ បាននិយាយថា ស្មាតហ្វូន Reno 12 5G នៅក្នុងទីផ្សារសកល គឺមានពណ៌ Black Brown និង Astro Silver ខណៈពេលដែលស្មាតហ្វូន Reno 12 Pro 5G នឹងមានពណ៌ Nebula Silver និង Nebula Black ។ ស្មាតហ្វូន Reno 12 នេះគឹមានរ៉េមទំហំ 12GB និង អង្គចងចាំទំហំ 256GB ខណៈពេលដែលម៉ូដែល Pro គឺមានរ៉េមទំហំ 12GB និងអង្គចងចាំទំហំ 512GB។

បើមើលទៅលើតម្លៃរបស់ស្មាតហ្វូន Reno 12 5G ដែលក្រុមហ៊ុននេះគ្រោងនឹងដាក់លក់នៅលើទីផ្សារតំបន់អ៊ឹរ៉ុប នឹងមានតម្លៃ €457.83 ខណៈដែលស្មាតហ្វូន Reno 12 Pro 5G មានតម្លៃ €549.40។ យោងតាមរបាយការណ៍ជាច្រើនមុននេះ បាននិយាយទៀតថា ស្មាតហ្វូន Reno 12 series ដែលនឹងលក់នៅក្នុងទីផ្សារសកលនេះ គឹមានការបំពាក់នូវបន្ទះឈីប Dimensity 7300 SoC ដែលជាឈីបជំនាន់ថ្មីនៃបន្ទះឈីប Dimensity 7050។ បន្ទះឈីបនេះមានការបង្កើនទៅលើសមត្ថភាពបានដល់ទៅ 20% ហើយនិងក៏កាត់បន្ថយទៅលើការប្រើប្រាស់ថាមពលដល់ទៅ 20%។

និយាយបីលក្ខណៈសម្បត្តិនៃកាមេរ៉ានៅលើស្មាតហ្វូន OPPO Reno 12 series វិញនោះ ក៏ត្រូវបានគេទម្លាយចេញនៅគំនូសព្រាងរបស់ស្មាតហ្វូននេះផងដែរ។ របាយការណ៍ខាងលើនេះ បានអះអាងថា ស្មាតហ្វូន Reno 12 Pro នឹងមានកាមេរ៉ាគោលទំហំ 50 MP LYT-600 ខណៈពេលដែលស្មាតហ្វូនជំនាន់ថ្មី Reno 12 5G នៅក្នុងទីផ្សារសកល គឹនឹងមានកាមេរ៉ាទំហំ 50 MP+8MP+2MP ដែលមិនមានកាមេរ៉ា telephoto នោះទេ៕
