
Xiaomi 14 Ultra ដែលជាស្មាតហ្វូនជំនាន់ថ្មី ស្ថិតនៅក្នុងស្រឡាយស្មាតហ្វូន Xiaomi 14 Series គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 25 ខែកុម្ភៈនៅលើទីផ្សារសកលខាងមុខនេះហើយ ដោយព្រឹត្តិការណ៍ខាងលើនេះ នឹងប្រារព្ធឡើងដាច់ដោយឡែកមួយនៅក្នុងប្រទេសចិននាថ្ងៃទី 22 ខែកុម្ភៈ។ នៅមុនព្រឹត្តិការណ៍នៃការសម្ពោធខាងលើនេះ ក៏មានការបែកធ្លាយថ្មីមួយនៅលើ Weibo ទម្លាយអំពីលក្ខណៈសម្បត្តិ និងតម្លៃរបស់ស្មាតហ្វូន Xiaomi 14 Ultra ផងដែរ។
យោងតាមអ្នកទម្លាយ Experience More បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra ដែលមានលក់នៅក្នុងប្រទេសចិននៅពេលនេះ នឹងមាន 3 ទំហំសម្រាប់ជ្រើសរើស ក្នុងនោះរួមមានដូចជាទំហំ 12GB+256GB; 16GB+512GB និង 16GB+1TB។ ជាមួយគ្នានេះ ក៏មានការបែកធ្លាយថ្មីមួយ បានអះអាងដែរថា ស្មាតហ្វូន Xiaomi 14 Ultra ដែលមានទំហំ 16GB+1TB គឺមានតម្លៃ 7299 យ៉ន់ ដែលប្រហែល $1,000 ដុល្លារ ខណៈពេលដែលម៉ូដែលពិសេស Titanium Edition គឺមានតម្លៃបន្ថែម 500 យ៉ន់ ឬច្រើនជាងនេះ។ មានការប៉ាន់ស្មានថា ស្មាតហ្វូនទីតាញ៉ូមនេះ អាចនឹងមានតម្លៃប្រហែលជា 8,000 យ៉ន់ ដែលប្រហែល $1,110)។

សូមជំរាបថា នៅក្នុងរបាយការណ៍ជាច្រើនកន្លងមក បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra នេះ គឺមានអេក្រង់ 6.73-អ៊ីង OLED 2K display ជាមួយនឹងគែមកោង មានល្បឿនអេក្រង់ 120Hz refresh rate ហើយនឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ (ultrasonic in-display fingerprint scanner) ផងដែរ។ ស្មាតហ្វូនថ្មីនេះ ក៏នឹងមានការប្រើប្រាស់នូវ HyperOS ដែលផ្អែឡជាមួយនិងប្រព័ន្ធ Android 14 ថែមទៀតផង។

ស្មាតហ្វូន Xiaomi 14 Ultra នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 រ៉េម LPDDR5x RAM និងអង្គចងចាំ UFS 4.0 រួមជាមួយនិងថាមពលថ្មទំហំ 5,300mAh ដែលមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មលឿន 90W wired ហើយនិង 50W wireless charging ផងដែរ។ ក្រឡេកមកមើលផ្នែកខាងក្រោយរបស់ស្មាតហ្វូនថ្មីនេះ គឺមានការតម្លើងនូវកាមេរ៉ាទំហំ 50-Megapixel LYT-900 គាំទ្រជាមួយនឹងមុខងារទប់លំនឹង OIS រួមនិង variable aperture ទៀតផង។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានកាមេរ៉ា IMX858 50-Megapixel ដែលជា ultra-wide ហ៊្សូមបាន 3.2x telephoto lens ជាមួយនឹង OIS ហើយនិងមួយគ្រាប់ទៀតហ៊្សូមបាន 5x periscope telephoto ដែលមានមុខងារ OIS ដូចគ្នា។ ស្មាតហ្វូននេះ ក៏មានកាមេរ៉ាខាងមុខទំហំ 32-megapixel៕
