ស្វែងរកពួកយើង:

តើ Galaxy S25 Series នឹងមានអ្វីថ្មីមកប្រជែងគ្នាជាមួយនឹងស្មាតហ្វូនជាច្រើនរបស់ចិន!

ដោយ

Koun Jab Luffy

26 ធ្នូ 2024 09:14 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុន Samsung ត្រូវបានគេដឹងថា បានត្រៀមខ្លួនបញ្ចេញនូវស្មាតហ្វូន Samsung Flagship ថ្មីនោះគឺ Galaxy S25 Series របស់ខ្លួននាពេលឆាប់ៗនេះហើយ។ តាមការទម្លាយកន្លង មានការរំពឺងថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series នឹងមានការពង្រឹងកាន់តែប្រសើរជាងជំនាន់មុនៗ ហើយក៏នឹងក្លាយជាស្មាតហ្វូនថ្មីមួយដែលប្រកួតគ្នាកាន់តែស្វិតស្វាញជាមួយនឹងស្មាតហ្វូនជាច្រើនរបស់ចិនផងដែរ។
មុននឹងសម្ពោធជាផ្លូវការណ៌ចូលមកដល់ នៅពេលនេះ មានការព្យាករណ៌ថា ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Samsung នេះ នឹងមានការប្រជែងជាមួយស្មាតហ្វូនជាច្រើនរបស់ចិនដូចជា Xiaomi, OPPO និង Vivo ជាដើម។ តើGalaxy S25 Series នឹងមានអ្វីថ្មីមកប្រជែង? ខាងក្រោមនេះ គឺជាការលើកឡើងខ្លះៗអំពីបច្ចេកវិទ្យាថ្មី ដែអាចនឹងមាននៅលើស្មាតហ្វូនថ្មីៗទាំងនេះ
និយាយពីថាមពលថ្មរបស់ស្មាតហ្វូនជំនាន់ថ្មី៖
មកដល់ពេលនេះ មានក្រុមហ៊ុនជាច្រើនរបស់ចិន បានធ្វើការបង្កើនទៅលើបច្ចេកវិទ្យាថាមពលថ្មជំនាន់ថ្មី ក្នុងនោះមានម៉ូដែលខ្លះ មានការតម្លើងមកជាមួយនូវថាមពលថ្មប្រភេទ High-Density Silicon Carbon ហើយបើមើលទៅលើស្មាតហ្វូន vivo X200 Pro វិញ គឺមានការបំពាក់នូវថាមពលថ្មទំហំធំដល់ 6000mAh ដោយមានកម្រាស់ត្រឹមតែ 8.5mm ប៉ុណ្ណោះ។ ប៉ុន្តែបើមើលទៅលើស្មាតហ្វូន Galaxy S25 Ultra ដែលគ្រោងនឹងចេញនៅឆ្នាំក្រោយវិញ អាចនឹងមានថាមពលថ្មត្រឹមតែ 5,000mAh ប៉ុណ្ណោះ គឺទំហំដូចទៅនឹងម៉ូដែលជំនាន់មុនដដែល។
បច្ចេកវិទ្យាសាកថ្មលឿន៖
សម្រាប់ក្រុមហ៊ុន Samsung មកទល់នឹងថ្ងៃនេះ ហាក់ដូចជានៅតែបន្តធ្វើដំណើរតាមពីក្រោយក្រុមហ៊ុនជាច្រើនរបស់ចិនទៅលើបច្ចេកវិទ្យាសាកថ្មល្បឿនលឿន។ សម្រាប់ឆ្នាំក្រោយនេះ មានពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Galaxy S25 series នឹងមានបច្ចេកវិទ្យាសាកថ្ម 25W wired charging សម្រាប់ស្មាតហ្វូន (Galaxy S25 និង S25+) ខណៈដែលស្មាតហ្វូន S25 Ultra អាចនឹងបច្ចេកវិទ្យា 45W។ ប៉ុន្តែបើមើលទៅលើស្មាតហ្វូន OnePlus 13 គឺមានបច្ចេកវិទ្យាសាកថ្ម 100W wired charging រីឯស្មាតហ្វូន Xiaomi គឺមានបច្ចេកវិទ្យាសាកថ្មលឿន 90W។
កាមេរ៉ាប្រកបដោយភាពច្នៃប្រឌិត៖
បច្ចេកវិទ្យាកាមេរ៉ា គឺជាផ្នែកមួយទៀតដែលក្រុមហ៊ុន Samsung តែងតែផ្តោតសំខាន់ជាងគេ។ ក្រុមហ៊ុនជាច្រើនរបស់ចិន ក៏មានផ្តោតទៅលើលក្ខណៈសម្បត្តិនៃកាមេរ៉ា កាន់តែអស្ចារ្យដូចគ្នា ដោយស្មាតហ្វូនប្រណិតមួយចំនួន គឺមានការប្រើប្រាស់ជាមួយនឹងសិនស័រទំហំ 1-អ៊ីង ហើយថែមទាំងមានការពង្រឹងទៅលើរូបភាពកាន់តែប្រសើរ និងមុខងារសំខាន់ៗជាច្រើនទៀតដូចជា zoom lenses ជាមួយនឹងសមត្ថភាព telephoto ដ៏អស្ចារ្យ។
តាមរយៈនៃវត្តមានម៉ូដែលថ្មី Galaxy S25 series របស់ក្រុមហ៊ុន Samsung នាពេលខាងមុខនេះ ត្រូវបានគេបញ្ជាក់ថា គឺនឹងមានការពង្រឹងយ៉ាងខ្លាំងទៅលើប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូន Galaxy S25 series។ តាមការបង្ហាញវត្តមានរបស់ស្មាតហ្វូនថ្មីៗរបស់ Samsung នាពេលកន្លងមក បើទោះបីជាមានការលើកឡើងខុសៗគ្នាពីសមត្ថភាពស្មាតហ្វូនក៏ដោយ តែ Samsung នៅតែអាចប្រកួតប្រជែងបានជាមួយនឹងក្រុមហ៊ុនជាច្រើនទៀតរបស់ចិនដដែល។ ដូច្នេះរង់ចាំមើលថាតើនៅពេលខាងមុខនេះ នឹងមានការលេចចេញនូវព័ត៌មានថ្មីអ្វីខ្លះទៀតទាក់ទងជាមួយនិង Galaxy S25 series។
សូមជំរាបថា ថ្មីៗនេះ ក៏មានពាក្យចចាមអារ៉ាមនិយាយថា ស្មាតហ្វូន Galaxy S25 series នឹងមានការ upgrade ជាច្រើនទៅលើប្រព័ន្ធកាមេរ៉ា ជាពិសេសគឺទៅលើឡែន ultrawide សម្រាប់ស្មាតហ្វូន S25 Ultra។ គួរបញ្ជាក់ផងដែរថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy S25 series គឺនៅសល់ពេលតែប៉ុន្មានសប្តាហ៌ទៀតប៉ុណ្ណោះ ដូច្នេះ យើងនឹងអាចមើលឃើញនូវបច្ចេកវិទ្យាថ្មីៗរបស់់ក្រុមហ៊ុន Samsung ដែលនឹងនាំមកសម្រាប់អោយអ្នកគាំទ្ររបស់ខ្លួន អោយកាន់តែមានការភ្ញាក់ផ្អើល ៕
តើ Galaxy S25 Series នឹងមានអ្វីថ្មីមកប្រជែងគ្នាជាមួយនឹងស្មាតហ្វូនជាច្រើនរបស់ចិន!