
Apple iPhone 17 Series នឹងមកដល់ផ្លូវការណ៍នាថ្ងៃទី 9 ខែ កញ្ញា ស្អែកនេះហើយ ដែលមានដូចជា iPhone 17, iPhone 17 Air, iPhone 17 Pro និង iPhone 17 Pro Max។ ដោយឡែកសម្រាប់ព័ត៌មានចុងក្រោយអំពី iPhone 17 Series ថ្ងៃនេះ ត្រូវបានបង្ហាញចេញទាក់ទងនឹងថាមពលថ្មដែលនឹងមានមកជាមួយបងប្អូន iPhone 17។
យោងតាមប្រភពព័ត៌មានទម្លាយពីស្ថាប័ន 3C របស់ចិន ដែលបានចែកចាយបន្តដោយគណនី X ឈ្មោះថា ShrimpApplePro បានបង្ហាញថា សម្រាប់ iPhone 17 Air, iPhone 17 Pro និង iPhone 17 Pro Max គឺមិនមានរន្ធដោតដាក់ទ្រនាប់ស៊ីមកាតនោះទេ លើកលែងតែម៉ូដែលស្តង់ដារ iPhone 17 មិនទាន់ដឹងថា នៅបន្តប្រើរន្ធដាក់ស៊ីម Physical SIM Slot ឬក៏ប្រើប្រព័ន្ធ eSIM។ តាមទិន្នន័យ Database របស់ 3C បានបង្ហាញផងដែរ នៅទំហំថាមពលថ្មរបស់ iPhone 17 Series ដែលក្នុងនោះម៉ូដែលថ្មី iPhone 17 Air គឺនឹងមានថ្មទំហំតូចត្រឹមតែ 3,036mAh សម្រាប់ម៉ូដែលមានរន្ធ SIM Slot និងទំហំ 3,149mAh សម្រាប់ម៉ូដែលប្រើប្រាស់ eSIM។
ដោយឡែកសម្រាប់ម៉ូដែល iPhone 17 Pro គឺនឹងមានថ្មទំហំ 3,988mAh សម្រាប់ម៉ូដែលមានរន្ធស៊ីម និងទំហំ 4,252mAh សម្រាប់ម៉ូដែលប្រើ eSIM ខណៈម៉ូដែល iPhone 17 Pro Max នឹងមានថ្មទំហំ 4,823mAh សម្រាប់ម៉ូដែលមានរន្ធស៊ីម និងទំហំ 5,088mAh សម្រាប់ម៉ូដែលប្រើ eSIM។

ហើយសម្រាប់ម៉ូដែលស្តង់ដារ iPhone 17 ឃើញមានថ្មទំហំ 3,692mAh។ ប្រសិនបើព័ត៌មាននេះ គឺជាការពិតមែន មានន័យថា iPhone 17 Pro Max គឺជា iPhone ជំនាន់ដំបូងគេដែលមានថ្មទំហំធំដល់ 5,000mAh។ យ៉ាងណាមិញសម្រាប់ព័ត៌មានលម្អិតជាក់លាក់យ៉ាងណាអំពីបងប្អូន iPhone 17 យើងនឹងបានដឹងនៅថ្ងៃស្អែកនេះហើយ សូមរងចាំតាមដានទាំងអស់គ្នា ពិសេស Fan Fan របស់ iPhone តែម្តង៕
