
ថេប្លេតស៊េរីថ្មី iPad Pro ដែលបំពាក់នូវបន្ទះឈីប M5 ជំនាន់ថ្មីរបស់ក្រុមហ៊ុនApple ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមផលិតទ្រង់ទ្រាយធំនៅក្នុងឆមាសទី 2 នៅឆ្នាំក្រោយនេះហើយ នេះបើយោងទៅតាមការបញ្ជាក់ចេញពីអ្នកវិភាគ Ming-Chi Kuo ។ នៅក្នុងការបង្ហោះនៅលើ Medium ថ្មីៗនេះ លោក Kuo បាននិយាយថា ការតម្លើងគោលរបស់ថេប្លេត M5 iPad Pro គឺតាមរយៈក្រុមហ៊ុន BYD Electronics របស់ប្រទេសចិនដែលនឹងក្លាយជាអ្នកតម្លើងផ្តាច់មុខទៅលើអេក្រង់របស់ HomePod ស៊េរីថ្មីរបស់ក្រុមហ៊ុន Apple ហើយវានឹងបង្ហាញខ្លួននៅចុងឆ្នាំ 2025 ខាងមុខផងដែរ។
សូមជំរាបថា ក្រុមហ៊ុន Apple ទើបតែបញ្ចេញនូវ iPad Pro ជាមួយនឹងអេក្រង់ OLED display កាលពីខែឧសភា ឆ្នាំ 2024 កន្លងនេះ ហើយថេប្លេតនេះ មានការបំពាក់នូវបន្ទះឈីប M4។ យោងតាមព័ត៌មានមុននេះ បានអោយដឹងថា ក្រុមហ៊ុន Apple បានដាក់បញ្ជាទិញទៅលើបន្ទះឈីប M5 ពីក្រុមហ៊ុន TSMC ហើយក្រុមហ៊ុននេះ ក៏បានចាប់ផ្តើមផលិតទ្រង់ទ្រាយធំទៅលើបន្ទះឈីបជំនាន់ថ្មីនេះផងដែរ។ បន្ទះឈីប M5 series នេះ នឹងមានការបំពាក់នូវ ARM architecture ថ្មី ហើយវាក៏ប្រើប្រាស់នូវបច្ចេកវិទ្យា 3-nanometer កម្រិតខ្ពស់របស់ក្រុមហ៊ុន TSMC ផងដែរ។

ការសម្រេចចិត្តរបស់ក្រុមហ៊ុន Apple ក្នុងការបោះបង់ចោលនូវដំណើរការ 2nm កម្រិតខ្ពស់របស់ក្រុមហ៊ុន TSMC ទៅលើបន្ទះឈីប M5 ត្រូវបានគេជឿជាក់ថា គឺដោយសារតែតម្លៃ។ បន្ទះឈីប M5 នេះ ក៏មានការពង្រឹងសមត្ថភាពខ្ពស់ជាងបន្ទះឈីប M4 ដោយសារតែការផ្លាស់ប្តូរទៅលើបច្ចេកវិទ្យា System on Integrated Chip (SoIC) របស់ក្រុមហ៊ុនTSMC នោះ។

ក្រៅពីការ Upgrade ទៅលើបន្ទះឈីបនេះ នៅមិនទាន់មានពាក្យចចាមអារ៉ាមផ្សេងទៀតអំពីមុខងារថ្មីៗបន្ថែមនៅលើថេប្លេត M5 iPad Pro នោះទេ ហើយក្រុមហ៊ុន Apple ក៏បានពិចារណាក្នុងការផ្លាស់ប្តូរទៅលើទីតាំងនៃឡូហ្គោ Apple នៅលើផ្នែកខាងក្រោយនៃ iPads ខាងមុខផងដែរ៕
