
មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន vivo បានធ្វើការចែកចាយនូវព័ត៌មានថ្មីៗជាច្រើនទាក់ទងជាមួយនិងស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន vivo X Fold3 និង X Fold3 Pro។ ស្មាតហ្វូនថ្មីនេះត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺជាស្មាតហ្វូនអេក្រង់បត់បានដំបូងគេបំផុត ដែលដាក់លក់នៅលើទីផ្សារជាមួយមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3។ ផ្អែកតាមការបែកធ្លាយនៅលើទីផ្សារចិនបានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានការសម្ពោធជាផ្លូវការនៅថ្ងៃទី 26 ខែមីនាខាងមុខនេះហើយ។
ប្រភពខាងលើបន្តថា នៅក្នុងកំឡុងព្រឹត្តិការណ៌សម្ពោធស្មាតហ្វូនអេក្រង់បត់បាននេះ ក្រុមហ៊ុន vivo ក៏នឹងមានការប្រកាចេញនូវថេប្លេតជំនាន់ថ្មីផងដែរ ដោយពេលនេះ ថេប្លេតនេះ គឺបានឆ្លងកាត់ការចុះបញ្ជី GeekBench រួចហើយផងដែរ។ ថេប្លេតនេះ គឺមានលេខម៉ូដែល PA2473 នឹងបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិនជាមួយនិង vivo Pad 3 Pro។ សម្រាប់វត្តមាននៅលើបញ្ជី GeekBench នេះ គឺមិនទាន់មានការបង្ហាញនូវព័ត៌មានលំអិតរបស់ថេប្លេតនេះនៅឡើយទេ។ នៅក្នុងបញ្ជីនេះ គឺមានការបញ្ជាក់ឈ្មោះ និងបន្ទះឈីបរបស់ថេប្លេតហើយ គឺ MediaTek Dimensity 9300។ នៅលើបញ្ជី GeekBench នេះ បានបន្តបង្ហាញថា ថេប្លេតនេះ មានរ៉េម 16GB។

សូមជំរាបថា កាលពីមុននេះ ក៏មានការបង្ហាញថា ថេប្លេត Pad 3 Pro នេះ គឺមានអេក្រង់ទំហំ 12.95-អ៊ីង ល្បឿន144Hz LCD បង្ហាញចេញបានកម្រិត 3K resolution ហើយនិងមានអង្គចងចាំទំហំ 512GB ។ ថេប្លេតនេះមានថ្មទំហំ 11,500 mAh កម្លាំងសាកកម្រិត 66W ឬ 80W fast charging។ ថេប្លេតនេះ មានកាមេរ៉ាគោលទំហំ 13MP និងមានអំពូលភ្លើង LED flash មួយគ្រាប់ និងកាមេរ៉ាសែលហ្វីទំហំ 8MP។
