
ក្រុមហ៊ុន Xiaomi បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវថេប្លេតជំនាន់ថ្មីនៃត្រកូល Xiaomi Pad 7 Series របស់ខ្លួននៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ថេប្លេត Xiaomi Pad 7 Pro ត្រូវបានគេបញ្ជាក់ថា គឺជាម៉ូដែល high-end ហើយពេលនេះ ការបែកធ្លាយចុងក្រោយបំផុត ក៏មានការទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ថេប្លេតនេះថែមទៀត។ ខាងក្រោមនេះគឺជាព័ត៌មានលម្អិតរបស់ថេប្លេតនេះ។
យោងតាមការបែកធ្លាយចុងក្រោយបំផុតនេះ ដែលបានចែកចាយពីអ្នកទម្លាយ Digital Chat Station ដែលបានបង្ហាញនៅលើ Weibo នោះ បានអោយដឹងថា ថេប្លេត Xiaomi Pad 7 Pro នេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8 Gen 3 SoC ដែលជាបន្ទះឈីបលំដាប់ខ្ពស់ flagship grade processor។ អ្នកទម្លាយរូបនេះ បាននិយាយទៀតថា ថេប្លេតនេះមានអេក្រង់ទំហំ 12.45-អ៊ីង បន្ទះអេក្រង់ LCD និងមានគាំទ្រជាមួយនូវល្បឿនរត់បានដល់ទៅ 144Hz refresh rate នៅលើខ្នាត 16:10 aspect ratio។ ទាក់ទងនឹងថេប្លេតជំនាន់ថ្មីនេះ មានប្រភពផ្សេងទៀត ក៏បានរំពឹងដែរថា អាចនឹងមានបន្ទះឈីប Snapdragon 8 Gen 2 ផងដែរ។

អ្នកទម្លាយ Digital Chat Station បានបង្ហាញនូវការជឿជាក់ថា ថេប្លេត Xiaomi Pad 7 Pro នេះ នឹងមានការបំពាក់នូវថាមពលថ្មទំហំ 10,000mAh ដែលមានការគាទ្រនូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 120W wired fast charging ហើយនិងរត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 14 OS ផ្អែកនៅលើ HyperOS ទៀតផង។ ថេប្លេតនេះអាចលេងកម្មវិធីធំៗបានយ៉ាងច្រើន។ ថេប្លេត Pad 7 Pro នេះ ត្រូវបានគេបញ្ជាក់ថា មានវត្តមាននៅលើវិញ្ញាបនបត្រ IMDA និង 3C រួចហើយដែរ។ ។ បើមើលទៅលើផ្នែកខាងក្រោយរបស់ថេប្លេតនេះ វាមានកាមេរ៉ាភ្លោះទំហំ 50-Megapixel ប្រព័ន្ធសំឡេង Quad-Speaker រួមនិងការពង្រឹងប្រព័ន្ធ system កាន់តែអស្ចារ្យថែមទៀតផង៕
