
ក្រុមហ៊ុន Samsung បានត្រៀមខ្លួនរួចជាស្រេចហើយសម្រប់ការបង្ហាញចេញនូវផលិតផលថ្មីរបស់ខ្លួននៅខែក្រោយនេះហើយ ប៉ុន្តែមិនមានការបញ្ជាក់ពីថេប្លេតជំនាន់ថ្មីរបស់ខ្លួននៅឡើយទេ។ បើតាមដឹង ក្រុមហ៊ុន Samsung គឺបានធ្វើការងារនៅលើថេប្លេតជំនាន់ថ្មី Galaxy Tab S10 series ដែលគ្រោងនឹងមានការប្រកាសចេញនៅលើទីផ្សារនាចុងឆ្នាំនេះហើយ។ សម្រាប់ម៉ូដែលប្រណិតនៅក្នុងត្រកូលថេប្លេតនេះ គឺម៉ូដែល Galaxy Tab S10 Ultra ហើយពេលនេះ ក៏មានការបែកធ្លាយព័ត៌មាននៅអនឡាញផងដែរ។ ចំពោះរូបរាងដែលបែកធ្លាយខាងលើនេះ គឺមិនខុសពីជំនាន់មុនៗនោះទេ។
រូបភាពថ្មីៗរបស់ Galaxy Tab S10 Ultra ដែលផ្អែកលើគំនូសព្រាង Render ហើយនឹងបានបង្ហាញវត្តមាននៅលើអនឡាញនេះ គឺមានការឌីស្សាញរូបរាងដូចគ្នាជាមួយនិងថេប្លេតថ្នាក់ខ្ពស់ Galaxy Tab S9 Ultra ដែលបង្ហាញចេញកាលពីមុនអញ្ចឹងដែរ។ នៅលើថេប្លេតនេះ Galaxy Tab S10 Ultra គឺមានការឌីស្សាញចេញពីលោហៈ និងមានការតម្លើងនូវបច្ចេកវិទ្យា IP rating សម្រាប់ការពារទឹក និងធូលីថែមទៀតផង។ ថេប្លេតថ្មីនេះ មានទំហំ 326.4x208.6x5.45mm ដែលទ្រង់ទ្រាយនេះ គឺមានកម្រ៉ាស់ស្តើងខ្លាំងមែនទែន។

ថេប្លេតជំនាន់ថ្មី Samsung Galaxy Tab S10 Ultra នឹងមានអេក្រង់ទំហំ 14.6-អ៊ីង AMOLED display ហើយនិងមានការប្រើប្រាស់នូវបន្ទះឈីប Qualcomm ក៏ដូចជាកាមេរ៉ាភ្លោះនៅផ្នែកខាងមុខ និងផ្នែកក្រោយ រួមនិងប្រព័ន្ធសម្លេង 4 គ្រាប់ ដែលគាំទ្រដោយ AKG ថែមទៀតផង។ ជាមួយគ្នានេះនៅលើថេប្លេតថ្មីនេះ ក៏មានភ្ជាប់នូវប៊ិក S Pen ដែលភ្ជាប់ដោយកម្លាំងដែកឆក់ដែលសាកថ្មបាន នៅលើខ្នងក្រោយផងដែរ។

ថេប្លេតជំនាន់ថ្មី Samsung Galaxy Tab S10 Ultra នឹងមានរ៉េម 16GB និងមានអង្គចងចាំទំហំ 1TB ហើយនិងមានម៉ូដែល Wi-Fi និង 5G។ មកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់កាលបរិច្ឆេតនៃការសម្ពោធជាផ្លូវការនោះទេ ប៉ុន្តែកន្លងមក មានការទម្លាយថា ថេប្លេតជំនាន់ថ្មី Samsung Galaxy Tab S10 Ultra នឹងមានវត្តមានមុនដំណាច់ឆ្នាំនេះ។
