
ថ្មីៗនេះ ក្រុមហ៊ុន Redmi ទើបតែប្រកាសចេញជាផ្លូវការណ៌ស្តីពីការបង្ហាញវត្តមានផលិតផលថ្មីចំនួន 2 ដ៏ខ្លាំងក្លារបស់ខ្លួនដែលមានដូចជាស្មាតហ្វូនជំនាន់ថ្មី K80 Ultra ហើយនិងថេប្លេតលេងហ្គេម K Pad ដែលគេដឹងថា ជាថេប្លេតដែលមានរូបរាងតូចក្នុងការប្រើប្រាស់។ ស្មាតហ្វូន K80 Ultra គឺជាប្រភេទស្មាតហ្វូន Flagship ដែលមានសមត្ថភាពខ្លាំងក្លាអាចប្រជែងបានជាមួយនិងស្មាតហ្វូនខ្លាំងៗនៅក្នុងប្រទេសចិន ដូចជា ស្មាតហ្វូន iQOO Neo 10 Pro+ និង OnePlus Ace 5 Ultra ជាដើម។ សម្រាប់ថេប្លេតជំនាន់ថ្មីរបស់ក្រុមហ៊ុន Redmi ត្រូវបានគេនិយាយថា នឹងអាចប្រជែងជាមួយនឹងថេប្លេត Lenovo Legion Y700 (Gen 4), Red Magic Gaming Tablet 3 Pro និង iPad Mini បានផងដែរ។
បើតាមការបញ្ជាក់នៅក្នុងព័ត៌មានកន្លងមក បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Redmi K80 Ultra នេះ នឹងមានការបំពាក់នូវបន្ទះឈីប Dimensity 9400+ មានសមត្ថភាពដ៏ខ្លាំងក្លា ហើយថែមទាំងមានភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ 7,400mAh ហើយនិងគាំទ្រដោយបច្ចេកវិទ្យាសាកថ្មលឿន 120W fast charging ថែអទៀតផង។ លោក Wang Teng Thomas ដែលជាប្រធានផ្នែកទីផ្សារនៅក្នុងប្រទេសចិនរបស់ក្រុមហ៊ុន Redmi បាមបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Redmi K80 Ultra នឹងមានតម្លៃប្រហែលជា 3,000 យ៉ន់ (~$420)។
ក្រៅពីស្មាតហ្វូន Redmi K80 Ultra នេះ នៅលើថេប្លេត Redmi K Pad នឹងក្លាយជាថេប្លេត Flagship របស់ក្រុមហ៊ុននេះ។ ដូចគ្នាទៅនឹង iPad Mini ផងដែរ នេះគឺជាថេប្លេតខ្នាតតូចដែលមានអេក្រង់ទំហំ 8.8-អ៊ីង 3K LCD Panel ផ្គត់ផ្គង់ដោយក្រុមហ៊ុន CSOT ទ្រទ្រង់ជាមួយល្បឿនអេក្រង់ 165Hz refresh rate ហើយនិងបង្ហាញចេញនៅលើខ្នាត 16:10 aspect ratio។ ស្មាតហ្វូនថ្មីនេះ គឺមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 9400+ ហើយនិងបច្ចេកវិទ្យាសាកថ្មលឿន 67W fast chargingនិង bypass charging ផងដែរ។

ប្រភពដដែលនេះ បានបន្តថា ក្រុមហ៊ុន Redmi បានត្រៀមរៀបចំនូវព្រឹត្តិការណ៍មួយនៅចុងខែនេះ នៅក្នុងប្រទេសចិន ដើម្បី បង្ហាញនូវផលិតផលថ្មីទាំងពីរនេះផងដែរ។ ក្រុមហ៊ុន Xiaomi ក៏នឹងធ្វើការនៅលើស្មាតហ្វូនបត់បាន Xiaomi Mix Flip 2 ដូចគ្នា។ ស្មាតហ្វូនបត់បានថ្មី Xiaomi Mix Flip 2 ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញខ្លួនជាមួយនឹងផលិតផលជាច្រើនទៀតរបស់ក្រុមហ៊ុន Redmi៕
