យោងតាមព័ត៌មានថ្មីៗនេះ បាននិយាយថា Samsung អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីបរបស់ MediaTek ជាថ្មីម្តងទៀតនៅលើថេប្លេតស៊េរីថ្មីរបស់ខ្លួន។ ផ្អែកតាមព័ត៌មានថ្មីរបស់ Android Authority នៅថ្ងៃនេះ បានបញ្ជាក់ថា បន្ទះឈីបថ្មី Dimensity 9500 ត្រូវបានគេប្រទះឃើញថា បានស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្តនៅលើ AI Core Application របស់ Samsung ហើយ ដោយឈីបនេះ គឺអាចនឹងមានការប្រើប្រាស់សម្រាប់ថេប្លេត Galaxy Tab S12 Series។

បន្ទះឈីបថ្មីនេះ មានលេខម៉ូដែល MT6993 ដែលជារបស់បន្ទះឈីប MediaTek Flagship Dimensity 9500 ហើយនៅលើកូដនេះ គឺមិនទាន់មានការបញ្ជាក់ថា ម៉ូដែលណាមួយនោះទេនៃត្រកូល Galaxy Tab S12 series ដែលនឹងប្រើប្រាស់ឈីបនះ។ សូមជំរាបថា Samsung បានសម្រេចឈប់ប្រើប្រាស់បន្ទះឈីបរបស់ Qualcomm រួចហើយសម្រាប់ថេប្លេត Premium ដែលបានប្រកាសលក់នាប៉ន្មានឆ្នាំចុងក្រោយនេះ

គិតចាប់តាំងពីវត្តមានរបស់ Galaxy Tab S10 និង Tab S11 series មក ក្រុមហ៊ុន Samsung បានធ្វើបំពាក់នូវបន្ទះឈីបកម្រិតខ្ពស់ Dimensity ជំនួសអោយបន្ទះឈីប Snapdragon រួចហើយ។ ទៅលើលក្ខណៈសម្បត្តិរបស់ Dimensity 9500 គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យា TSMC កម្រិត 3nm ហើយនិងមានការផ្តោតខ្លាំងទៅលើបច្ចេកវិទ្យា AI ក៏ដូចជា Power Efficiency កាន់តែខ្លាំងទៀតផង។
យោងតាមរបាយការណ៌មុននេះ បានបង្ហើបថា ក្រុមហ៊ុន Samsung នឹងមានការប្រកាសចេញនូវថេប្លេតជំនាន់ថ្មី Tab S12+ និង Tab S12 Ultra នៅខែកញ្ញាខាងមុខនេះហើយ ប៉ុន្តែមិនទាន់មានការទម្លាយលក្ខណៈសម្បត្តិណាមួយនៅឡើយទេ។

