ព័ត៌មានពាក់ព័ន្ធទៅនឹងទូរស័ព្ទ iPhone ដែលបំពាក់សែនស័រ Telephoto ទំហំធំដល់ 200MP ត្រូវបានលិចលឺជារឿយៗរបស់មកទល់នឹងពេលនេះ ដោយដំណឹងដំបូងត្រូវបានទម្លាយចេញកាលពីអំឡុងខែឧសភា ឆ្នាំ 2025។ ដោយឡែកនៅពេលនេះ មានប្រភពព័ត៌មានថ្មីបានបញ្ជាក់ថា ទូរស័ព្ទ iPhone ដំបូងដែលបំពាក់សែនស័រកាមេរ៉ា Telephoto ទំហំ 200MP នឹងមកដល់នៅឆ្នាំ 2028។
យោងទៅលើការទម្លាយពីគណនី Digital Chat Station បានឲ្យដឹងថា បច្ចុប្បន្ន Apple បាននឹងកំពុងធ្វើការតេស្តសាកល្បងសែនស័រកាមេរ៉ា Periscope Telephoto ទំហំ 200MP សម្រាប់ប្រើនៅលើទូរស័ព្ទ iPhone នាពេលអនាគត។ ទោះជាយ៉ាងណា Apple អាចនឹងប្រើរយះពេលប៉ុន្មានឆ្នាំទៀតទើបបង្ហាញវត្តមាន iPhone ដែលមានបំពាក់បច្ចេកវិទ្យាសែនស័រ Periscope Telephoto ទំហំ 200MP នៅលើទីផ្សារជាផ្លូវការណ៍។ ទន្ទឹងនឹងនេះ កាលពីពេលថ្មីនេះតាមរយះក្រុមហ៊ុន Morgan Stanley បានធ្វើការអះអាងថា ទូរស័ព្ទ iPhone បំពាក់សែនស័រ Periscope Telephoto ទំហំ 200MP អាចនឹងមកដល់នៅមុខឆ្នាំ 2028។
ទូរស័ព្ទ iPhone Series 2028 ត្រូវនឹងឈ្មោះម៉ូដែលលេខ 21 ឬ iPhone 21 Series ដោយសារតែ Apple មានគម្រោងក្នុងការប្រកាសចេញ iPhone 20 Series នៅឆ្នាំ 2027 ដើម្បីគម្រប់ខួប 20 ឆ្នាំរបស់ iPhone តែម្តង។ នាពេលកន្លងមក Digital Chat Station បានទម្លាយព័ត៌មានថា Apple កំពុងធ្វើការផ្លាស់ប្តូរដ៏ធំមួយសម្រាប់សែនស័រកាមេរ៉ារបស់ iPhone ជំនាន់បន្ទាប់ជាមួយនឹងសែនស័រកាមេរ៉ាខ្នាត 1/1.12-inch ទំហំ 200 មេហ្គាភិចសែល៕


