ស្វែងរកពួកយើង:

នាយកប្រតិបត្តិ Honor បង្ហាញពីមហិច្ឆិតានៅក្នុងការប្រកួតប្រជែងជាមួយ Apple លើទីផ្សារស្មាតហ្វូនថ្នាក់ប្រណិត

ដោយ

Koun Jab Luffy

10 ធ្នូ 2024 02:58 រសៀល

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់ថ្មីៗនេះបានអោយដឹងថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor មានក្តីសង្ឃឹមនៅក្នុងការក្លាយខ្លួនជាក្រុមហ៊ុនមួយទៀតដូចទៅនឹង Huawei អញ្ចឹងដែរ ដើម្បីក្លាយជាគូរប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Apple នៅក្នុងឧស្សាហកម្មស្មាតហ្វូនថា្នក់ប្រណិត។ ថ្មីៗនេះ នាយកប្រតិបត្តិរូបនេះ បានធ្វើបទសម្ភាសន៍ និងចែករំលែកនូវគោលដៅរបស់គាត់សម្រាប់អនាគត ដោយគាត់បានបញ្ជាក់ថា គាត់ចង់រៀនសូត្រអំពីក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតផងដែរ។
លោក Zhao Ming នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor បាននិយាយជាមួយនឹង Daily Economic News ថា ក្រុមហ៊ុន Honor ចង់ពង្រឹងវត្តមានរបស់ខ្លួននៅក្នុងទីផ្សារស្មាតហ្វូន high-end។ នៅពេលនេះ ក្រុមហ៊ុន Honor ក៏បានវិនិយោគទឹកប្រាក់យ៉ាងច្រើននៅក្នុងវិស័យស្រាវជ្រាវ និងអភិវឌ្ឍនៅក្នុងឆ្នាំនេះដូចទៅនឹងសកម្មភាពដែលក្រុមហ៊ុន Huawei ធ្លាប់ធ្វើផងដែរ។
Article image
សូមជំរាបថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Honor បានចំណាយទឹកប្រាក់ប្រហែលជា 11.5% នៃប្រាក់ចំណេញទៅលើការលក់សរុបរបស់ខ្លួនទៅលើផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ។ ពេលនេះក្រុមហ៊ុននេះក៏បង្កើនទៅលើការវិនិយោគផងដែរ។ លោក Zhao បាននិយាយថា រឿងសំខាន់បំផុតគឺការវិនិយោគសម្រាប់ពេលអនាគត ហើយវានឹងធ្វើអោយក្រុមហ៊ុនរីកចម្រើនទៅមុខបន្តទៀត។ ទាក់ទងទៅនឹងការប្រកួតប្រជែងនៅលើទីផ្សារនោះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honor រូបនេះ បាននិយាយទៀតថា Honor បានធ្វើដំណើរយ៉ាងវែងឆ្ងាយមុនពេលដែលដែលក្លាយខ្លួនជាក្រុមហ៊ុនដែលមានសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន។
Article image
លោក Zhao បានបញ្ជាក់បន្ថែមទៀតថា ទីផ្សារស្មាតហ្វូននេះ គឺមានការប្រែប្រួល។ គាត់បាននិយាយថា ក្រុមហ៊ុន Honor ក៏មានសម្ពាធដោយសារតែការវិលត្រឡប់របស់ក្រុមហ៊ុន Huawei ផងដែរ។ ដូចអ្វីដែលអាចមើលឃើញ ក្រុមហ៊ុនផលិតស្មាតហ្វូន Mate នេះ ក៏បានបោះជំហានយ៉ាងខ្លាំងនៅលើទីផ្សារជាមួយនឹងបច្ចេកវិទ្យា AI របស់វា។ ក្រុមហ៊ុន Honor ក៏កំពុងតែធ្វើការនៅលើរបកគំហើញនៃបច្ចេកវិទ្យាច្នៃប្រឌិតថ្មីនៅលើស្មាតហ្វូននេះផងដែរ។ លោក Zhao បន្តថា ការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Huawei និង Apple គឺមិនត្រឹមតែនៅក្នុងប្រទេសចិននោះទេ ប៉ុន្តែក៏អាចនឹងមាននៅក្នុងទីផ្សារសកលផងដែរ៕
នាយកប្រតិបត្តិ Honor បង្ហាញពីមហិច្ឆិតានៅក្នុងការប្រកួតប្រជែងជាមួយ Apple លើទីផ្សារស្មាតហ្វូនថ្នាក់ប្រណិត