
លោក TM Roh ដែលជា Co-CEO របស់ក្រុមហ៊ុន Samsung ផ្នែក Mobile Division បានបញ្ជាក់ទៅកាន់សារព័ត៌មានក្នុងព្រឹត្តិការណ៌ CES 2026 ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងតែប្រឈមបញ្ហាធំមួយទៅលើតម្លៃសមាសភាមេម៉ូរី ហើយថែមទាំងព្រមានថា តម្លៃស្មាតហ្វូនជំនាន់ថ្មី អាចនឹងមានការប្រែប្រួលថែមទៀតផង។ មកដល់ពេលនេះ ក្រុមហ៊ុន Samsung គឺបាននឹងកំពុងតែធ្វើការជាមួយក្រុមហ៊ុនផ្គត់ផ្គង់នានាដើម្បីធ្វើយ៉ាងណាធានាអោយការផលិតមានស្ថិរភាព និងរក្សាតម្លៃអោយនៅតែសមរម្យរយៈពេលយូរ។ បច្ចុប្បន្ននេះ តម្រូវការទៅលើមេម៉ូរី គឺមិនមែនសម្រាប់តែស្មាតហ្វូននោះទេ គឺថែមទាំងទូរទស្សន៍ និងឧបករណ៌ឆ្លាតវៃផងដែរ។
ទាក់ទងជាមួយនិងព័ត៌មាននេះ លោក Wonjin Lee ដែលជាអគ្គនាយកផ្នែកទីផ្សារសម្រាប់ក្រុមហ៊ុន Samsung Global បានប្រាប់ទៅកាន់សារព័ត៌មាន Bloomberg ថា នៅពេលនេះ ក្រុមហ៊ុន Samsung កំពុងតែពិចារណាទៅលើការកំណត់តម្លៃឡើងវិញសម្រាប់ស្មាតហ្វូនរបស់ខ្លួនហើយ។ សម្រាប់ព័ត៌នមានស៊ីជម្រៅលោកអ្នកអាចទស្សនាវីដេអូនៅលើ Bloomberg បាន។ ជាមួយគ្នានេះលោក Wonjin Lee ក៏បាននិយាយពីតម្លៃមេម៉ូរី និងអនាគតរបស់ទូរទស្សន៍ និងបច្ចេកវិទ្យា AI ផងដែរ។
សូមជំរាបថា អាជីវកម្មបន្ទះឈីបរបស់ Samsung ត្រូវបានគេមើលឃើញថា បានក្លាយជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេបំផុតនៅឆ្នាំ 2024 បើទោះបីជាងកាលពីឆ្នាំ 2025 នេះ ក្រុមហ៊ុន SK Hynix គឺជាអ្នកនាំមុខគេក៏ដោយ។ សម្រាប់ការដាក់លក់ Galaxy S26 series ខាងមុខនេះ គឺនឹងក្លាយជាឱកាសថ្មីមួយសម្រាប់ក្រុមហ៊ុន Samsung ខណៈដែល Apple អាចនឹងក្លាយជាអ្នកនាំមុខគេនៅលើទីផ្សារសកលនាពេលខាងមុខ ដោយសារតែវត្តមានរបស់ iPhone 17 series លក់ដាច់ខ្លាំងនៅលើទីផ្សារ។

ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ Samsung រូបនេះ ក៏បាននិយាយពីបច្ចេកវិទ្យា AI ផងដែរ។ យោងតាមការស្ទង់មតិដោយ Samsung បានបង្ហាញថា បច្ចេកវិទ្យា AI នៅលើស្មាតហ្វូន Galaxy គឺមានការប្រើប្រាស់ចាប់ពី 30% ទៅដល់ 80% កាលពីឆ្នាំមុននេះ ហើយមកដល់ពេលនេះ ក្រមហ៊ុនក៏បានបញ្ចេញនូវគម្រោងថ្មី ដោយនឹងមាននាំមកនូវបច្ចេកវិទ្យា AI ថ្មី ចំនួន 400 លានបន្ថែមទៀតសម្រាប់អ្នកប្រើប្រាស់នៅឆ្នាំនេះ ដែលមិនត្រឹមតែមសម្រាប់ស្មាតហ្វូននោះទេ គឺថែមទាំងប្រើប្រាស់សម្រាប់ទូរទស្សន៍ និងឧបករណ៌ប្រើប្រាស់នៅក្នុងគេហដ្ឋានផងដែរ។
