ស្វែងរកពួកយើង:

នាយកប្រតិបត្តិ Xiaomi បញ្ជាក់ថា ឡានអគ្គិសនី YU7 SUV មានតម្លៃទាបជាង Tesla Model Y

ដោយ

Koun Jab Luffy

28 ឧសភា 2025 07:34 ព្រឹក

អាន 3 នាទី

Article image
កាលពីថ្ងៃទី 22 ខែឧសភា សប្តាហ៍មុននេះ Xiaomi បានធ្វើការប្រកាសចេញឡានអគ្គិសនី SUV ដំបូងរបស់ខ្លួនម៉ូដែល YU7 ជាផ្លូវការណ៍ដែលមានជម្រើសបីស៊េរីផ្សេងគ្នា មានស៊េរីស្តង់ដារ YU7, YU7 Pro និង YU7 Max។ ឡានអគ្គិសនី SUV ស៊េរីថ្មីនេះ នឹងត្រូវចេញលក់ផ្លូវការណ៍នៅក្នុងខែកក្ដដា ខាងមុខនេះ។ ទោះបីជា Xiaomi មិនទាន់ប្រកាសតម្លៃផ្លូវការណ៍របស់ YU7 ក្តី ក៏មានព័ត៌មានចចាមអារាមនិយាយថា Xiaomi YU7 គឺមានតម្លៃចាប់ពីខ្ទង់ $27,600 ដែលជាតម្លៃប្រហាក់ប្រហែលនឹងតម្លៃម៉ូដែល SU7 ដែលជារថយន្ត Sedan របស់ Xiaomi ដែរ។
យ៉ាងណាមិញពាក់ព័ន្ធនឹងតម្លៃមិនទាន់ផ្លូវការណ៍នេះ ត្រូវបាននាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun បានច្រានចោល ដោយលោកបានបញញ្ជាក់ថា វាមិនតម្លៃពិតសម្រាប់ YU7 នោះទេ ហើយលោកបញ្ជាក់ថា YU7 គឺមានតម្លៃធូរថ្លៃជាងតម្លៃរបស់ឡាន Tesla Model Y បន្តិចនៅក្នុងទីផ្សារប្រទេសចិន។
Article image
បច្ចុប្បន្នតម្លៃរបស់ Tesla Model Y នៅទីផ្សារប្រទេសចិន គឺខ្ទង់ចាប់ពី $36,400 ដល់ $43,300។ បើតាមការព្យាករណ៍តម្លៃរបស់ Xiaomi YU7 អាចខ្ទង់ចាប់ពី $34,100 សម្រាប់ម៉ូដែលស្តង់ដារ YU7, រីម៉ូដែល YU7 Pro អាចនឹងមានតម្លៃខ្ទង់ $38,300 ខណៈម៉ូដែល YU7 Max អាចនឹងមានតម្លៃខ្ទង់ប្រហែល $45,800។ យុទ្ធសាស្ត្រកំណត់តម្លៃនេះនឹងអនុញ្ញាតឱ្យ Xiaomi ពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សាររថយន្តអគ្គិសនីថ្នាក់ mid-to-high-end electric SUV។
Article image
សូមបញ្ជាក់ថា ត្រឹមរយះពេលតែ 24 ម៉ោង Xiaomi YU7 ទទួលបានការបញ្ជាទិញមុនដល់ 200,000 គ្រឿង។ ចំនែកការចេញលក់ និងនាំចេញផ្លូវការណ៍លើកដំបូងត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅក្នុងខែកក្តដា ឆ្នាំ 2025។ Xiaomi YU7 មានបណ្តោយតួរខ្លួនប្រវែង 4,999mm/ ទទឹង 1,996mm/កំពស់ 1,600mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង 3,000mm។ ដោយម៉ូដែល YU7 ដំណើរការដោយម៉ូទ័រអគ្គិសនីមួយ (RWD) កំលាំង 235kW (315hp) និងកំលាំងរមូល 528Nm អាចជាន់ស្ទុះពីកុងទ័រ 0-100km/h ប្រើពេលខ្ទង់ 5.88 វិនាទី។ ម៉ូដែលនេះបំពាក់កញ្ចប់អាគុយទំហំ 96.3kW ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 835km។
Article image
រីម៉ូដែល YU7 Pro ដំណើរការដោយម៉ូទ័រអគ្គិសនីពីរ (AWD) មានកម្លាំងសរុប 365kW (489hp) និងកំលាំងរមូល 690Nm អាចជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km/h ប្រើពេល 4.27 វិនាទី ភ្ជាប់ជាមួយ កញ្ចប់អាគុយទំហំ 96.3kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 770km។ ចំនែកម៉ូដែលកំពូល YU7 Max ដំណើរការដោយម៉ូទ័រអគ្គិសនីពីរមានកម្លាំងសរុប 508kW (681hp) និងកម្លាំងរមូល 866Nm អាចជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km/h ចាយពេល 3.23 វិនាទី និងអាចជាន់ល្បឿន Top Speed ដល់ 2583km/h។ ម៉ូដែល YU7 Max បំពាក់កញ្ចប់អាគុយទំហំ 101.7kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 760km៕
នាយកប្រតិបត្តិ Xiaomi បញ្ជាក់ថា ឡានអគ្គិសនី YU7 SUV មានតម្លៃទាបជាង Tesla Model Y