
យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Xiaomi បានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការបង្ហាញស្មាតហ្វូន Xiaomi 17 Series របស់ខ្លួននៅក្នុងខែនេះ។ នៅមុនការប្រកាសជាផ្លូវការចូលមកដល់ លោកនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi នៅថ្ងៃនេះ បានបង្ហោះនៅលើ Weibo ដោយបានធ្វើការប្រៀបធៀបរវាងស្មាតហ្វូន Xiaomi 17 Pro Max ជាមួយនឹងស្មាតហ្វូន iPhone 17 Pro Max ដែលទើបតែនិងសម្ពោធកាលពីពេលថ្មីៗនេះ។
សម្រាប់ការឌីស្សាញរូបរាងរបស់ស្មាតហ្វូនទាំងពីរនេះ ត្រូវបានមនុស្សជាច្រើនបារម្ភថា ក្រុមហ៊ុន Xiaomi អាចនឹងធ្វើការកូពីនូវការឌីស្សាញ Camera Island របស់ក្រុមហ៊ុន Apple ប៉ុន្តែលោកនាយកប្រតិបត្តរូបនេះ បានបង្ហាញនូវភាពខុសគ្នាតាមរយៈវីដេអូខ្លីមួយអំពីស្មាតហ្វូនទាំងពីរនេះហើយ។ ក្រុមហ៊ុន Xiaomi បាននិយាយថា ការឌីស្សាញស្មាតហ្វូនថ្មីនេះ គឺមានការជម្រុញពីស្មាតហ្វូន Xiaomi Mi 11 Ultra តាំងពីឆ្នាំ 2021។
លោក Lu បាននិយាយថា ស្មាតហ្វូន 17 Series នេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិនមុនថ្ងៃទី 1 ខែតុលានេះ ហើយនឹងក្លាយជាស្មាតហ្វូនមុនគេដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 SoC របស់ក្រុមហ៊ុន Qualcomm ដោយសារតែបន្ទះឈីបនេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 23 ខែកញ្ញាខាងមុខនេះ។ ស្មាតហ្វូន Xiaomi 17 Pro នេះ អាចនឹងមានតម្លៃចន្លោះ 5,000 យ៉ន់ និង 6,000 យ៉ន់ ដែលប្រហែលជា 700 ដុល្លារទៅ 850 ដុល្លារខណៈពេលដែលម៉ូដែល Pro Max គឺមានតម្លៃចន្លោះពី 6,000 យ៉ន់ទៅ 7,000 យ៉ន់សដែលប្រហែល 850 ដុល្លារទៅ 1,000 ដុល្លារ។
គួរបញ្ជាក់ផងដែរថា ផ្នែកអេក្រង់ខាងក្រោយរបស់ស្មាតហ្វូននេះ ក៏អាចប្រើប្រាស់សម្រាប់ជំនួយដល់ការខល ការគ្រប់គ្រងតន្ត្រី ការបង្ហាញព័ត៌មាន ការប្រើប្រាស់ជា Camera Viewfinder សម្រាប់ថត selfies និងមុខងារជាច្រើននបានថែមទៀត៕
