
Yangwang ដែលជាប្រេនឡានប្រណិត BYD នៅថ្ងៃនេះ បានប្រកាសពីដឹកជញ្ជូនឡាន Yangwang U7 ដែលមានកម្លាំងដល់ទៅ 1300 សេះ អោយអតិថិជនរបស់ខ្លួនដែលបានបញ្ជាទិញមុនហើយ។ ព្រឹត្តិការណ៌នេះ ប្រារព្ធធ្វើឡើងនៅ Yangwang Center នៅតំបន់ Yubei ក្នុងខេត្ត Chongqing ដោយលោក Wang Chuanfu ដែលជាអគ្គនាយក និងជាអ្នកគ្រប់គ្រង់របស់ក្រុមហ៊ុន BYD Group បានធ្វើការប្រគល់រថយន្ត Yangwang U7 ម៉ូដែលដំបូងគេអោយទៅអតិថិជនរបស់ខ្លួនផ្ទាល់ដៃតែម្តង។
សូមជំរាបថា Yangwang U7 គឺជារថយន្តអគ្គិសនីកម្រិត Luxury Sedan របស់ក្រុមហ៊ុន BYD ត្រូវបានប្រកាសចេញលក់កាលពីថ្ងៃទី 27 ខែមីនា ឆ្នាំ 2025 ជាមួយតម្លៃចាប់ពីខ្ទង់ $87,150។ កាលពីខែមេសា នេះ Yangwang U7 ត្រូវបានក្រុមហ៊ុននាំទៅដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ Beijing Auto Show ផងដែរ។

Yangwang U7 មានប្រវែងតួរខ្លួន 5,265mm/ ទទឹង 1,998mm/ កំពស់ 1,517mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,160mm។ ឡានអគ្គិសនី Luxury sedan ថ្មីនេះ ដំណើរការដោយម៉ូទ័រអគ្គិសនី 4 ដែលអាចផលិតកម្លាំងសរុបបានដល់ 1,287 សេះ ដែលអាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលប្រមាណ 2.9 វិនាទីប៉ុណ្ណោះ ហើយនិងអាចជាន់ល្បឿន Top speed បានដល់ 270km/h។ Yangwang U7 បំពាក់កញ្ចប់ថ្មទំហំ 135.5kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 720km។ Yangwang U7 ក៏មានជម្រើសម៉ូដែល Plug-in-hybrid ផងដែរ ដោយម៉ូដែលនេះ មានទំហំវិមាត្រតួរខ្លួនធំជាងម៉ូដែលប្រើអគ្គិសនីបន្តិច។

ដោយម៉ូដែល Yangwang U7 PHEV មានប្រវែងតួរខ្លួន 5,360mm/ ទទឹង 2,000mm/ កំពស់ 1,515mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,200mm។ សម្រាប់អនុភាពកំលាំងវិញ គឺដំណើរការនៅលើម៉ូទ័រអគ្គិសនីចំនួន 4 ដូចគ្នា ប៉ុន្តែ វាមានបំពាក់បន្ថែមនូវម៉ាស៊ីន Hybrid ទំហំ 2.0-liter turbocharged ICE កម្លាំង 268 សេះ។ ម៉ូដែល PHEV បំពាក់មកជាមួយកញ្ចប់អាគុយទំហំ 52.4kWh ដែលសាកភ្លើងពេញម្តងអាចជិះដោយបានថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 200km និងជិះបានដល់ចម្ងាយជាង 1,000km នៅពេលគូបជាមួយម៉ាស៊ីនចាក់សាំងពេញចំណុះ 60 លីត្រ។ នៅផ្នែកខាងក្រៅមានការឌីស្សាញបែបប្រណិតទំនើបទាន់សម័យហើយ ចូលមកផ្នែកខាងក្នុងវិញក៏មិនធម្មតាដែរ។

ផ្នែខាងក្នុងរបស់ Yangwang U7 Series មានបំពាក់នូវអេក្រង់ OLED Touchscreen ទំហំ 12.8-inch នៅលើស្នូកកណ្តាល (Center Console) រួមនឹងអេក្រង់ទំហំ 23.6-inch និងអេក្រង់សម្រាប់អ្នករួមដំណើរការកៅអីខាងក្រោយដែលមានទំហំ 12.8-inch ចំនួនពីរបន្ថែមទៀត។ សម្រាប់ប្រព័ន្ធគ្រឿងក្រោមរបស់ Yangwang U7 វិញ ត្រូវបានគ្រប់គ្រង់ដោយប្រព័ន្ធទំនើប Disus-Z suspension system ដែលធ្វើឲ្យការបើកបរប្រកបដោយសុវត្ថិភាពខ្ពស់។ Yangwang U7 ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នៅទីផ្សារប្រទេសចិនជាមួយតម្លៃចាប់ពីខ្ទង់ $ 87,150 ឈានដល់ $98,250។ U7 គឺជាឡានម៉ូដែលទីបីស្ថិតក្រោមស្លាក Yangwang របស់ BYD បន្ទាប់ពីម៉ូដែល U8 SUV និង U9 Sport Car។

ក្នុងខែមេសា ឆ្នាំ 2025 ម៉ាករថយន្ត Yangwang មានការនាំចេញចំនួន 659 គ្រឿង នៅក្នុងប្រទេសចិន មានការធ្លាក់ប្រមាណ 85.2% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ Yangwang U7 គឺជាគូប្រជែងទីផ្សារជាមួយរថយន្ត sedan ប្រណិតមួយចំនួនទៀតក្នុងប្រទេសចិនដូចជា Mercedes-Benz S-Class, the BMW 7 Series, និង the Audi A8L ជាដើម៕
