
នៅទីបំផុត ស្មាតហ្វូន flagship ដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន Xiaomi បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសជប៉ុនហើយ។ កាលពីប៉ុន្មានថ្មីៗនេះ ស្មាតហ្វូន Xiaomi 14 Ultra បានលក់ជាផ្លូវការនៅក្នុងអ៊ឺរ៉ុប និងប្រទេសចិន ហើយពេលនេះ ស្មាតហ្វូនដ៏ខ្លាំងក្លានេះក៏មានវត្តមាននៅក្នុងប្រទេសជប៉ុនផងដែរ។ សូមជំរាបថា ក្រុមហ៊ុន Xiaomi ទើបតែប្រកាសចេញនូវស្មាតហ្វូនជាច្រើនម៉ូដែលនៅក្នុងប្រទេសចិន។ ស្មាតហ្វូន Xiaomi 14 Ultra នេះ ត្រូវបានក្រុមហ៊ុនបង្ហាញវត្តមាននៅថ្ងៃទី 22 ខែកុម្ភៈ ហើយនឹងបានបង្ហាញខ្លួននៅក្នុងប្រទេសជប៉ុននៅថ្ងៃទី 9 ខែឧសភាកន្លងនេះ។
ជាមួយនិងប្រកាសចេញនៅលើទីផ្សារប្រទេសជប៉ុននៅពេលនេះ គឺមានរយៈពេលតែ 3 ខែហើយ បន្ទាប់ពីការប្រកាសចេញស្មាតហ្វូន flagship នេះនៅលើទីផ្សារសកល។ ថ្មីៗនេះ ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសជប៉ុន បានប្រកាសនៅលើ Twitter ថា ស្មាតហ្វូន Xiaomi 14 Ultra ពេលនេះ គឺមានលក់ជាផ្លូវការហើយ។ ស្មាតហ្វូននេះ មានតម្លៃ 199,000 Yen (ប្រហែលជា $1,285 សម្រាប់ស្មាតហ្វូនទំហំ 16GB+512GB។ ស្មាតហ្វូននេះមានតម្លៃខ្ពស់ជាងតម្លៃនៅក្នុងប្រទេសចិនដោយសរតែកត្តាជាច្រើនដូចជាពន្ធទៅលើការចូល និងកិច្ចព្រមព្រៀងក្នុងការដឹកជញ្ជូនផងដែរ។ ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសជប៉ុនក៏ផ្តល់នូវប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ផងដែរ។
អ្វីដែលពិសេសសម្រាប់អតិថិជននៅក្នុងប្រទេសជប៉ុននោះ ក្រុមហ៊ុន Xiaomi ក៏នឹងបន្ថែមនូវអត្ថប្រយោជន៍ជាច្រើននៅពេលដែលទិញស្មាតហ្វូន Xiaomi 14 Ultra ដែលក្នុងនោះមានដូចជាការផ្តល់ជូននូវ 100GB Google One cloud storage រយៈពេល 6 ខែ ការផ្តល់ជូន YouTube Premium រយៈពេល 3 ខែ និងការទស្សនាដោយគ្មានការផ្សព្វផ្សាយ (ad-free) និងការចាក់វីដេអូជា background ផងដែរ។

ស្មាតហ្វូនXiaomi 14 Ultra នេះអាចរកទិញបាននៅក្នុងប្រទេសជប៉ុន ជាមួយនឹងការធានាជាសកល និងការដូរអេក្រង់មួយលើកឥតគិតថ្លៃនៅពេលដែលមានការខូចអេក្រង់ថែមទៀតផង។ ជាមួយនឹងស្មាតហ្វូននេះ សម្រាប់ Photography Kit រប់សក្រុមហ៊ុន Xiaomi នេះ ក៏អាចរកទិញបាននៅក្នុងតម្លៃ 22,000 យេន ($140) ផងដែរ៕
