
ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា បាន ធ្វើតេស្តសាកល្បងទៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន Foldable iPhone ហើយ។ ខណៈដែលក្រុមហ៊ុនអាមេរិកាំងមួយនេះនៅមិនទាន់បញ្ជាក់ជាផ្លូវការអំពីរឿងនោះ ពេលនេះមានការបែកធ្លាយជាច្រើនបានបញ្ជាក់ថា ក្រុមហ៊ុននេះ បានត្រៀមប្រកាសចេញស្មាតហ្វូនអេក្រង់បត់បាននេះ ជាមួយនឹងស្មាតហ្វូន iPhone 18 Pro ផងដែរ។
យោងតាមអ្នកទម្លាយ Digital Chat Station ដែលជាប្រភពជឿជាក់បាននោះ ក៏ទើបតែចែករំលែកនូវព័ត៌មានរបស់ស្មាតហ្វូន iPhone Fold ផងដែរ។ តាមការបញ្ជាក់របស់អ្នកទម្លាយ DCS រូបនេះ បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់ Foldable iPhone របស់ក្រុមហ៊ុន Apple នេះ នឹងក្លាយជាស្មាតហ្វូនបត់បានជំនាន់ទី 1 ដែលមានការឌីស្សាញខុសប្លែកពីស្មាតហ្វូនបត់បានជាច្រើនក្នុងពេលបច្ចុប្បន្ននេះ។ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំនេះ ជាមួយនឹងស្មាតហ្វូន iPhone 18 Pro series។

សម្រាប់អេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះ អាចនឹងមានទំហំ 7.58 អ៊ីង ខណៈពេលដែលអេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះមានទំហំ 5.25 inches ។ ពាក្យចចាមអារ៉ាមមុននេះទម្លាយថា អេក្រង់ធំនេះគឺជួយពង្រឹងទៅលើការងារប្រចាំថ្ងៃបានយ៉ាងងាយស្រួល។ អ្នកទម្លាយរូបនេះ បានបន្ថែមថា ក្រុមហ៊ុន Apple ក៏បានធ្វើការនៅលើបន្ទះឈីបថ្មីសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនដែលមានទម្រង់បត់បាននេះផងដែរ។ ស្មាតហ្វូនអេក្រង់បត់ foldable iPhone នេះនឹងផ្តល់នូវភាពងាយស្រួលសម្រាបការងារ multi-screen និងកម្មវិធី App ជាច្រើនទៀត។
ខុសប្លែកពីស្មាតហ្វូនជាច្រើនទៀតដែលផ្តោតទៅលើលក្ខណៈសម្បត្តិម៉ាស៊ីនខ្លាំងនោះ ក្រុមហ៊ុន Apple គឺផ្តោតខ្លាំងទៅលើការឌីស្សាញ គុណភាពអេក្រង់និងភាពងាយស្រួលក្នុងការប្រើប្រាស់ក្នុងដៃ។ ប្រសិនបើព័ត៌មាននេះ គឺជាការពិតនោះ ស្មាតហ្វូនអេក្រង់បត់ Foldable iPhone របស់ក្រុមហ៊ុន Apple នេះអាចនឹងក្លាយជារបត់ដ៏ពិសេសមួយដ៏សំខាន់សម្រាប់ក្រុមហ៊ុនជាច្រើនទៀតផងដែរ។

សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏បានធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់ថ្មីមួយដែលមានឈ្មោះថា Galaxy Fold Wide ដែលត្រៀមនឹងធ្វើការបង្ហាញចេញនៅក្នុងខែកក្កដាឆ្នាំនេះ ខណៈពេលដែលក្រុមហ៊ុន OPPO ក៏ធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានថ្មីម៉ូដែល OPPO Find N7 ដែលនឹងមានការឌីស្សាញរូបរាងស្លីម ហើយគ្រោងនឹងធ្វើការបង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំនេះដូចគ្នា៕
