
កាលពីឆ្នាំមុននេះក្រុមហ៊ុន Xiaomi ត្រូវបានគេមើលឃើញថា បានបង្ហាញចេញនូវស្មាតហ្វូន Xiaomi 13 Ultra នៅក្នុងខែមេសា។ សម្រាប់ឆ្នាំនេះ មានសេចក្តីរាយការណ៌ថា ស្មាតហ្វូន Xiaomi 14 Ultra នឹងមានការប្រកាសចេញលឿនជាងម៉ូដែលមុន ដោយថ្មីៗនេះ មានការទម្លាយថា ស្មាតហ្វូននេះ អាចនឹងសម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសចិននាចុងខែកុម្ភៈខាងមុខនេះហើយ។ ស្របពេលជាមួយគ្នានេះ អ្នកទម្លាយដែលមានប្រភពមកចិនមួយរូប ក៏បានទម្លាយដែរថា ស្មាតហ្វូននេះ នឹងការប្រកាសចេញនៅចុងខែក្រោយនេះដូចគ្នា។
យោងតាមការទម្លាយរូបភាពខាងលើនេះ គឺបានបញ្ជាក់ថា Xiaomi 14 Ultra នឹងមានការបំពាក់មកជាមួយនូវឡែនកាមេរ៉ា Leica Summilux lens ហើយនឹងមានវត្តមានជាផ្លូវការនោចុងខែកុម្ភៈខាងមុខ។ បន្ថែមពីនេះរបាយការណ៌ថ្មីនេះក៏មានការបង្ហាញថា នៅលើកាមេរ៉ាគោលរបស់ស្មាតហ្វូននេះ ក៏មានការទ្រទ្រង់ជាមួយនិង variable aperture range ចាប់ពី f/1.63 ដល់ f/4.0 ផងដែរ។

សូមជំរាបថា ថ្មីៗនេះមានរបាយការណ៌ទម្លាយថា ស្មាតហ្វូន Xiaomi 14 Ultra នឹងមានការបំពាក់នូវសិនស័រ LYT-900 ទំហំ 50-Megapixel ជាមួយនិងកម្រិតសិនស័រ 1-អ៊ីងសសម្រាប់កាមេរ៉ាគោល។ ចំពោះគ្រាប់ទីពីរមានទំហំ 50-Megapixel periscope telephoto ហើយឡែននេះ ត្រូវបានគេរំពឹងថា នឹងមានការប្រើប្រាស់ឡែនទំហំ 120mm focal length។ គួរបញ្ជាក់ថា ស្មាតហ្វូននេះ ត្រូវបានបង្ហាញថា មានកាមេរ៉ា 4 គ្រាប់ ដោយមានគ្រាប់ទីបីមានទំហំ 50-Megapixel IMX8-series ultra-wide lens និងទី 4 មានទំហំ 50-Megapixel telephoto។

និយាយពីកម្លាំងម៉ាស៊ីននៅលើស្មាតហ្វូន Xiaomi 14 Ultra វិញ ត្រូវបានគេបញ្ជាក់ថា នឹងមានការបំពាក់នូវប្រព័ន្ធកាមេរ៉ានៅក្រោមអេក្រង់ និងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 រួមជាមួយនិងការទ្រទ្រង់នូវមុខងារផ្កាយរណប two-way satellite connectivity ទៀតផង។ ស្មាតហ្វូននេះមានថ្មទំហំ 5180mAh និងមានបច្ចេកវិទ្យាសាកឥតខ្សែរ 50W wireless charging និងកម្លាំងសាក 90W wired charging។ ស្មាតហ្វូននេះ នឹងមានពណ៌ blue, orange និង black។ ដោយមានម៉ូដែលប្រើប្រាស់ខ្នងក្រោយជាកញ្ចក់ និងជាប្រភេទ silicon skin។
Xiaomi 14 Ultra ត្រូវបានគេជឿជាក់ថា អាចនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៌ MWC 2024 ដែលនឹងរៀបចំឡើងនៅខែកុម្ភៈខាងមុខនេះផងដែរ។
