
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ពិភពលោករបស់ប្រទេសចិន Huawei បានធ្វើការបង្ហាញស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ខ្លួនម៉ូដែល Mate X កាលពីអំឡុងឆ្នាំ 2019។ ដោយឡែកក្នុងពេលនេះ Huawei ត្រូវបានគេរាយការណ៍ថា នឹងមានការប្រកាសចេញស្មាតហ្វូនអេក្រង់បត់បីតង់ ឬ tri-foldable phone ដំបូងគេក្នុងលោកនាពេលឆាប់ៗនេះ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន គឺបានធ្វើការបង្ហាញរូបភាពគំរូនៃស្មាតហ្វូនអេក្រង់បត់បីតង់ថ្មី ដែលត្រូវបានកាន់បង្ហាញដោយនាយកប្រតិបត្តិជាន់ខ្ពស់ផ្នែក Consumer Business Group របស់ Huawei គឺលោក Yu Richard ដោយផ្ទាល់តែម្តង។
ដោយឡែកបើតាមគណនី Weibo ឈ្មោះថា Digital Chat Station ដែលជាគណនីទម្លាយព័ត៌មានល្បីឈ្មោះក្នុងប្រទេសចិន ធ្លាប់បានធ្វើការទម្លាយនូវរូបភាពគំរូរបស់ស្មាតហ្វូនអេក្រង់បត់បីតង់ ឬ Tri-Foldable phone ដំបូងគេក្នុងលោករបស់ Huawei ផងដែរ។
ដោយស្មាតហ្វូនអេក្រង់បត់ tri-foldable មួយនេះ គឺមានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ដែលអាចបត់ចេញក្រៅ (Outward) និងបត់ចូលក្នុង (inward) ជាមួយនឹងការប្រើត្រចៀកបត់ចំនួនពីរ (dual-hinge mechanism)។ ទាក់ទងនឹងទំហំអេក្រង់វិញ ត្រូវបានគេប៉ាន់ស្មានថាអាចនឹងមានទំហំ 10-inch នៅពេលមិនបត់ និងការគ្រប់គ្រងទៅលើដំណើរការបត់បើក គឺមានធ្វើការបានយ៉ាងល្អ។
សម្រាប់កម្រាស់របស់ស្មាតហ្វូនអេក្រង់បត់បីតង់វិញ ត្រូវបានគេដឹងថា នឹងក្រាស់ជាងស្មាតហ្វូនអេក្រង់បត់ធម្មតា។ បន្ថែមពីនេះ ស្មាតហ្វូនអេក្រង់បត់បីតង់ដំបូងរបស់ Huawei នឹងមានបំពាក់នូវបច្ចេកវិទ្យាថ្មីទំនើបៗជាច្រើន ដើម្បីត្រៀមខ្លួនក្នុងការប្រគូតប្រជែងជាមួយដៃគូនៅក្នុងទីផ្សារស្មាតហ្វូនអេក្រង់បត់បីតង់ដែលនឹងមាននាពេលអនាគតដ៏ខ្លីខាងមុខនេះ។ DCS បានព្យាករណ៍សម្រាប់តម្លៃរបស់ Huawei Tri-Foldable អាចនឹងមានតម្លៃពិសេសថែមទៀតផង។
ដោយឡែកនៅថ្ងៃនេះ នៅលើគណនី Weibo របស់ DCS ក៏បានបង្ហោះរូបភាពមួយសន្លឹករបស់លោក Richard Yu ដែលមានកាន់ស្មាតហ្វូន Tri-Foldable phone ដែលដូចគ្នាទៅនឹង គំរូដែលលោកបានកាន់ប្រើដំបូងនាអំឡុងដំណាក់កាលស្រាវជ្រាវ និងអភិវឌ្ឍន៍នាពេលកន្លងមកដែរ។
បើតាមរូបភាពបង្ហាញថា អេក្រង់របស់ Huawei Tri-Foldable គឺមានរន្ធទំលុះអេក្រង់មួយគ្រាប់សម្រាប់ដាក់សែនស័រកាមេរ៉ាសែលហ្វីស្ថិតនៅជិតគែមអេក្រង់ខាងលើនៃកែងខាងឆ្វេង។ តាមដំណឹងបឋមបង្ហើបថាស្មាតហ្វូនអេក្រង់បត់បីតង់របស់ Huawei នឹងប្រើនូវបន្ទះឈីប HiSilicon Kirin 9-Series។

DCS បានបញ្ជាក់ទៀតថា Huawei Tri-Foldable នឹងបង្ហាញវត្តមាននៅមុនការបង្ហាញវត្តមានរបស់ Huawei Mate 70 Series។ កាលពីដើមខែសីហានេះ Huawei បានបញ្ចេញស្មាតហ្វូនអេក្រង់បត់ម៉ាក Nova Flip នៅក្នុងទីផ្សារប្រទេសចិន ដូចនេះ Huawei ក៏អាចនឹងបញ្ចេញ Tri-Foldable នៅថ្ងៃណាមួយក្នុងខែកញ្ញា ឬខែតុលាឆ្នាំនេះ ខណៈញគ្រួសារកំពូលស្មាតហ្វូន Mate 70 Series ទំនងជានឹងពន្យាពេលប្រកាសចេញដល់ត្រីមាសទី 4 ឆ្នាំ 2024៕
