
OnePlus 15 ដែលជាស្មាតហ្វូនស៊េរីថ្មី Flagship របស់ OnePlus ត្រូវបានគេទម្លាយថា នឹងមានការបំពាក់នូវ Hardware កាន់តែខ្លាំងក្លាក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ តាមប្រភពខាងលើនេះ អោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី OnePlus 15 បានបង្ហាញខ្លួននៅលើបញ្ជី GeekBench Database ហើយ ដោយមានការភ្ជាប់ជាមួយនឹងបន្ទះឈីបជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm រួមជាមួយនិងលក្ខណៈសម្បត្តិពិសេសៗជាច្រើនទៀតផងដែរ។
តាមការបង្ហាញនៅក្នុងបញ្ជី GeekBench នេះ អោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី OnePlus 15 នេះ មានលេខម៉ូដែល OnePlus PLK110 ដំណើរការនូវ Snapdragon 8 Elite 2។ បន្ទះឈីបនេះ ត្រូវបានគេបញ្ជាក់ថា មានសមត្ថភាពខ្លាំងក្លានៅក្នុងការប្រើប្រាស់ ហើយក៏នឹងមានដំណើរការនៅលើស្មាតហ្វូនជាច្រើនទៀតដូចជា Red Magic 11 Pro និង Samsung Galaxy S26 Ultra ជាដើម។ បន្ទះឈីបនេះ មានពិន្ទុ 3,000 នៅក្នុងការតេស្ត single-core និង 10,000 ពិន្ទុនៅលើ multi-core ។

ស្មាតហ្វូន OnePlus 15 គឺមានពិន្ទុត្រឹមតែ 631 និង 1871 នេះ គឺដោយសារតែបន្ទះឈីបនេះគឺដំនើរការនូវ 750MHz Frequency ជំនួសអោយល្បឿន 4,610MHz។ ក្រុមហ៊ុននេះ ក៏បានតេស្តស្មាតហ្វូននេះនៅក្នុង low power mode ផងដែរ។ ក្រៅពីបន្ទះឈីបនេះ នៅលើបញ្ជី GeekBench ថែមទាំងបញ្ជាក់ថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវក្រាហ្វិកកាត Adreno 840 GPU ជាមួយនឹងរ៉េមទំហំ 16GB ផងដែរ។

កំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន OnePlus នេះ នឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការចុងក្រោយ Android 16 OS។ តាមប្រភពដដែលនេះ បន្តថា ស្មាតហ្វូនOnePlus 15 នេះអាចនឹងមានអេក្រង់កម្រិតល្បឿន 165Hz refresh rate ទៀតផង៕
