ស្វែងរកពួកយើង:

នៅលើទិន្នន័យរបស់ 3C បង្ហាញថា Honor Magic V3 Fold គឺគាំទ្របច្ចេកវិទ្យា Satellite Connectivity

ដោយ

Koun Jab Luffy

19 មិថុនា 2024 10:25 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនជំនាន់ថ្មីមួយរបស់ Honor ដែលមានលេខកូដសំគាល់ FCP-AN10 បានបង្ហាញខ្លួននៅបញ្ចីទិន្នន័យ Database របស់ស្ថាប័ន 3C របស់ចិន។ យ៉ាងណាមិញសម្រាប់ស្មាតហ្វូនមួយនេះ មិនទាន់ត្រូវបានគេបញ្ជាក់ឈ្មោះជាផ្លូវការណ៍នោះទេ ប៉ុន្តែ គេសន្និដ្ឋានបានថា FCP-AN10 គឺជាស្មាតហ្វូនជំនាន់ថ្មី Honor Magic V3 Fold។
បើតាមប្រភពរបាយការណ៍នាពេលកន្លងមកបាននិយាយថា Honor អាចនឹងមានការប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី Honor 200 Series នៅក្នុងទីផ្សារប្រទេសចិនកាលពីខែឧសភាកន្លងទៅ និងស្មាតហ្វូនអេក្រង់បត់ថ្មី Clamshell ម៉ូដែល Magic V Flip នៅក្នុងខែមិថុនានេះ ហើយនិងស្មាតហ្វូនអេក្រង់ជំនាន់ថ្មី Magic V3 Fold នៅខែកក្តដា ខាងមុខនេះ។
សម្រាប់ម៉ូដែល Honor 200 Series និង Magic V Flip ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញផ្លូវការណ៍រួចហើយ នៅឡើយតែម៉ូដែល Magic V3 Fold ដែលត្រូវបានគេរំពឹងថា នឹងមកដល់នៅខែក្រោយនេះ (កក្តដា)។ នៅលើបញ្ចីរបស់ 3C បានបង្ហាញថាស្មាតហ្វូន Honor FCP-AN10 ឬ Magic V3 Fold គឺគាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 66W Wired Fast Charging។
ហើយបញ្ចីដដែលក៏បង្ហាញថា ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ មានការគាំទ្របច្ចេកវិទ្យា Satellite Connectivity ថែមទៀតផង។Honor Magic V3 Fold នឹងបង្ហាញវត្តមានដូចគ្នាទៅនឹង vivo X Fold 3 Pro ក៏ដូចជា Xiaomi Mix Fold 4 ដែរនៅក្នុងទីផ្សារប្រទេសចិន។ ដោយស្មាតហ្វូនអេក្រង់បត់ Magic V3 Fold នឹងបំពាក់បន្ទះឈីប Snapdragon 8 Gen 3។
ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិលម្អិតផ្សេងទៀតរបស់ Magic V3 Fold មិនទាន់ត្រូវបានបង្ហាញចេញនៅឡើយទេ។ បើយើងងាកមកជំនាន់បច្ចុប្បន្ន គឺ Magic V2 ដែលបង្ហាញវត្តមានកាលពីខែកក្ដដា ឆ្នាំ 2023 វិញ គឺជាស្មាតហ្វូនបត់ដែលមានកម្រាស់ស្តើងជាងគេបំផុតត្រឹម 4.7mm នៅពេលមិនបត់ ហើយនិងមានទម្ងន់ស្រាលត្រឹម 231 ក្រាមតែប៉ុណ្ណោះ។
Article image
Honor Magic V2 បំពាក់បន្ទះឈីប Snapdragon 8 Gen 2, មានអេក្រង់បត់ទំហំ 7.92-inch និងអេក្រង់ខាងក្រៅទំហំ 6.43-inch ព្រមទាំងបំពាក់ថ្មទំហំ 5,000mAh ជាមួយការគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 66W Wired Fast Charging។ ដោយឡែកសម្រាប់ជំនាន់ថ្មី Magic V3 Fold ត្រូវបានគេរំពឹងថាអាចនឹងមានថ្មធំជាងជំនាន់ V2 ប៉ុន្តែ រក្សាកម្រាស់ស្តើង និងទម្ងន់ស្រាលដូចគ្នា៕