
នៅតែប៉ុន្មានខែទៀតប៉ុណ្ណោះ Apple នឹងបញ្ចេញទូរស័ព្ទ iPhone 16 Series ជាផ្លូវការណ៍ហើយ ដែលអាចនៅពាក់កណ្តាលខែកញ្ញា។ iPhone 16 Series ដែលមកដល់នាពេលខាងមុខនេះត្រូវបានគេរំពឹងខ្ពស់ថា នឹងជា iPhone ដំបូងគេដែលគាំទ្រប្រព័ន្ធបច្ចេកវិទ្យា AI។ ហើយនៅពេលនេះ ក៏មានព័ត៌មានចចាមអារ៉ាមថ្មីមួយបាននិយាយថា Apple នឹងធ្វើការកែប្រែនូវប្រព័ន្ធ NPU ថ្មីសម្រាប់បន្ទះឈីប iPhone ជំនាន់ថ្មី គឺ A18 Pro ដើម្បីផ្តល់នូវលទ្ធភាព និងប្រសិទ្ធិភាពកាន់តែប្រសើរសម្រាប់ដំណើរការបច្ចេកិវទ្យា AI នៅលើ iPhone 16 Series។ ទោះជាយ៉ាងណាសម្រាប់បន្ទះឈីបស៊េរី A18 Pro នេះ ត្រូវបានគេដឹងថាអាចនឹងប្រើតែនៅលើ iPhone 16 Pro និង 16 Pro Max តែប៉ុណ្ណោះ។
តាមប្រភពព័ត៌មានថ្មីចុងក្រោយនេះ បានបញ្ជាក់ថា ប្រព័ន្ធ NPU ឬ Neural Processing Units ដែលប្រើក្នុងបន្ទះឈីប A18 Pro ថ្មី គឺមានប្រសិទ្ធិភាពដំណើរការល្អប្រសើរជាងបន្ទះឈីប M4 ដែលប្រើនៅលើ iPad Pro ជំនាន់ថ្មីដែលទើបបង្ហាញវត្តមានថ្មីៗនេះ។ ចំពោះប្រព័ន្ធ NPU ដែលប្រើនៅលើឈីប A17 Pro របស់ iPhone 15 Pro Series បច្ចុប្បន្ននេះ គឺមានចំនួន 16-core និងគាំទ្រប្រព័ន្ធ AI កម្រិត 35TOPS។ ខណៈបន្ទះឈីប Qualcomm Snapdragon 8 Gen 3 ដែលចេញនៅឆ្នាំទៅមិញគាំទ្រ AI បានកម្រិត 15TOPS ហើយ Qualcomm ត្រូវបានគេដឹងថា នឹងបង្កើនប្រសិទ្ធិភាពខ្ពស់សម្រាប់ប្រព័ន្ធ NPU នៅលើកំពូលឈីបជំនាន់ថ្មី Snapdragon 8 Gen 4 ដែលនឹងមកដល់ក្នុងខែវិច្ឆិកាឆ្នាំនេះ។

iPad Pro 11-inch និង iPad Pro 13-inch ដែលប្រកាសចេញកាលពីពេលថ្មីៗនេះ គឺប្រើបន្ទះឈីបជំនាន់ថ្មី Apple-M4 ដែលផលិតឡើងតាមខ្នាតស្តង់ដារ 3nm processor node និងភ្ជាប់នូវប្រព័ន្ធ NPU ដែលគាំទ្រប្រព័ន្ធដំណើរ AI កម្រិត 38TOPS ដែលខ្ពស់ជាងឈីប A17 Pro របស់ iPhone 15 Pro និង 15 Pro Max តែបន្តិចប៉ុណ្ណោះ។ ដូច្នេះសម្រាប់បន្ទះឈីប iPhone ជំនាន់ថ្មីរបស់ Apple ត្រូវបានគេរំពឹងខ្ពស់ថា នឹងមានប្រសិទ្ធិភាពខ្ពស់ជាងឈីប M4 របស់ iPad Pro Series បច្ចុប្បន្ន។ នៅក្នុងសន្និសិតប្រចាំឆ្នាំ WWDC ឬ Worldwide Developer Conference កាលពីពេលថ្មីៗនេះ Apple បានប្រកាសពីការដាក់ដំណើរការប្រព័ន្ធបច្ចេកវិទ្យា AI (Apple Intelligence) របស់ខ្លួនផងដែរ។

ក្រុមហ៊ុននេះបានធ្វើការភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យា AI របស់ខ្លួនទៅក្នុងប្រព័ន្ធកម្មវិធី iOS18 និងមុខងារ Voice assistant របស់កម្មវិធី Siri ផងដែរ។ ដូចនេះ ប្រតិបត្តិការ iOS18 គឺទាមទារការប្រើប្រាស់ប្រព័ន្ធ NPU នៅលើបន្ទះឈីបដែលខ្លាំងដើម្បីផ្តល់នូវប្រសិទ្ធិភាពខ្ពស់ក្នុងការដំណើរការមុខងារ AI នៅលើ iPhone។ ចំពោះសមត្ថភាពនៃប្រព័ន្ធ NPU ប្រើក្នុងឈីប A18 Pro ត្រូវបានគេដឹងថា អាចគាំទ្រប្រព័ន្ធ AI លើសពី 45TOPS ដែលលើសពី NPU សម្រាប់ប្រព័ន្ធដំណើរការ Windows AI PC ដែលមាននៅលើបន្ទះឈីប Snapdragon X Elite របស់ Qualcomm ទៅទៀត ៕
