
ក្រោយពីមានការវែកញែកទៅលើសមត្ថភាពអស់មួយរយៈមកនៅពេលនេះបន្ទះឈីបជំនាន់ថ្មី Exynos 2600 ត្រូវបានគេបង្ហាញខ្លួននៅលើបញ្ជីតេស្តសមត្ថភាព Geekbench ជាថ្មីម្តងទៀតហើយដោយម្តងនេះគឺមានពិន្ទុល្អជាងមុនថែមទៀតផង។ យោងតាមបញ្ជី Benchmark ចុងក្រោយបំផុតនេះបានបញ្ជាក់ថាបន្ទះឈីបលំដាប់ Flagship ថ្មីរបស់ក្រុមហ៊ុន Samsung មួយនេះគឺមានពិន្ទុ single-core រហូតដល់ទៅ 3,455 និងពិន្ទុ multi-core មានចំនួន 11,621។បើធ្វើការប្រៀបធៀបនៅក្នុងខែសីហានេះគឺមានពិន្ទុ single-core ត្រឹមតែ 3,309 និងពិន្ទុ multi-core 11,256 ប៉ុណ្ណោះ។
ក្រឡេកទៅមើលលើពិន្ទុនៃ CPU វិញគឺនៅតែរក្សាដូចដើម។តាមការបញ្ជាក់នៅក្នុងប្រភេពខាងលើនេះបានអោយដឹងថាបន្ទះឈីបថ្មីមានអង្គគណនា prime Cortex-X930 core ល្បឿន 3.8GHz, 3x Cortex-A730 performance cores មានល្បឿន 3.26GHz ខណៈ 6x Cortex-A730S cores មានល្បឿន 2.76GHz។បើមើលទៅលើស្មាតហ្វូន Xiaomi 17 ដែលបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 5 វិញគឺមានពិន្ទុ single-core ចំនួន 3,078 និងពិន្ទុ multi-core ចំនួន 9,162 ប៉ុណ្ណោះខុសគ្នាឆ្ងាយខ្លាំងមែនទែនដែលនេះមានន័យថាបន្ទះឈីប Exynos 2600 គឺស្ថិតនៅក្នុងការនាំមុខ។

អ្វីដែលគួរអោយចាប់អារម្មណ៍នោះក្រុមហ៊ុន Samsung ប្រហែលជាធ្វើការនៅលើបន្ទះឈីប Exynos 2600 នេះមានចំនួន 2 ជម្រើសទៀតផង។គួរបញ្ជាក់ថាកាលពីសប្តាហ៍មុននេះល្បឿន clock នៃបន្ទះឈីបមួយនៅលើGeekbenchបានបង្ហាញថា prime core មានល្បឿន 3.55GHz, 3x performance cores មានល្បឿន 2.96GHz និង 6 x efficiency cores មានល្បឿន 2.46GHz ប៉ុណ្ណោះ។

បើតាមការបញ្ជាក់ពីSammyGuruវិញបានអោយដឹងថាសម្រាប់ម៉ូឌែល higher-clock នឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S26 Ultra ខណៈដែលស្មាតហ្វូន S26 និង S26 Plus នឹងប្រើប្រាស់នូវ lower-clock៕
