
ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា នឹងមានការដាក់បង្ហាញចេញស្មាតហ្វូនអេក្រង់បត់ម៉ូដែលថ្មីដែលមានឈ្មោះថា Galaxy Z Flip FE នៅឆ្នាំក្រោយនេះ។ ស្មាតហ្វូនអេក្រង់បត់ Clamshell ថ្មីនេះ នឹងមានគុណសម្បត្តិទាប និងតម្លៃធូរថ្លៃស្ថិតក្នុងត្រកូល Galaxy Z Flip។ ហើយមួយរយះពេលនេះ ឃើញថាមានការទម្លាយចេញនូគុណសម្បត្តិ និងលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូនអេក្រង់បត់ Galaxy Flip FE ផងដែរ។
ហើយនៅពេលនេះក៏មានគណនី X (អតិត Twitter) បានធ្វើការទម្លាយចេញបន្ទះឈីបដែលនឹងត្រូវប្រើនៅលើ Galaxy Z Flip FE និង Galaxy Z Flip 7 ដែលចេញនៅឆ្នាំក្រោយ (2025)។ បើតាមប្រភពបានបញ្ជាក់ថា Galaxy Z Flip FE នឹងប្រើបន្ទះឈីប Samsung Exynos 2400e ចំនែកម៉ូដែល Galaxy Z Flip 7 នឹងប្រើបន្ទះឈីប Exynos 2500។
នៅក្នុងឆ្នាំនេះ Galaxy Z Fold 6 បានប្រើបន្ទះឈីប Qualcomm Snapdragon 8 Gen 3 ចំនែកជំនាន់បន្តដែលចេញនៅឆ្នាំក្រោយនេះ អាចនឹងប្រើបន្ទះឈីប Exynos 2500 របស់ Samsung ផ្ទាល់តែម្តង។ ហើយសម្រាប់ការប្រើប្រាស់បន្ទះឈីប Exynos 2400e នៅលើ Galaxy Z Flip FE ត្រូវបានគេដឹងថា Samsung ចង់កាត់កងតម្លៃដើម ដើម្បីកាត់បន្ថយតម្លៃលក់របស់ Z Flip FE។
យ៉ាងណាមិញសម្រាប់បន្ទះឈីប Exynos 2400e ត្រូវបានគេទទួលស្គាល់ថាជាឈីបដែលមានអនុភាពមួយជាមួយល្បឿនដំណើរការប្រហាក់ប្រហែលគ្នានឹង Exynos 2400 ដែរ ដែលធ្វើឲ្យការប្រើប្រាស់លេងកម្សាន្តប្រចាំថ្ងៃប្រកបដោយភាពរលូន ពុំមានបញ្ហាអ្វីនៅឡើយ។ បន្ទះឈីប Exynos 2400e ផលិតឡើងតាមខ្នាតស្តង់ដារ 4nm ហើយត្រូវបានក្រុមហ៊ុនប្រើនៅលើស្មាតហ្វូន Galaxy S24 FE ដែលចេញក្នុងឆ្នាំនេះ។ ចំនែក Galaxy Z Flip 7 ដែលត្រូវប្រើឈីបជំនាន់ថ្មី Exynos 2500 គឺនឹងផ្តល់អនុភាពក្នុងការប្រើប្រាស់កម្មវិធីទូទៅប្រចាំថ្ងៃ។

ក្រុមហ៊ុន Samsung នឹងប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series នៅដើមឆ្នាំ 2025 ខាងមុខនេះ ហើយកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេដឹងច្បាស់ការណ៍ថា គឺប្រើកំពូលឈីប Snapdragon 8 Elite។ ស្របពេលដែលព័ត៌មានបានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងមួយនេះ ក៏នឹងប្រើប្រាស់បន្ទះឈីបជំនាន់ផ្ទាល់ខ្លួន គឺ Exynos 2500 នៅលើស្មាតហ្វូនអេក្រង់បត់ដែលចេញនៅឆ្នាំ 2025 ផងដែរ៕
