
ក្រុមហ៊ុន Apple Inc បានខិតជិតដល់ការផលិតបន្ទះឈីប A-Series សម្រាប់ iPhone លើកដំបូងក្នុងទឹកដីសហរដ្ឋអាមេរិកដោយក្រុមហ៊ុន TSMC នៅក្នុងរោងចក្រអារីសូណា (Arizona Plant) នេះបើតាមរបាយការណ៍ចេញផ្សាយដោយបណ្តាញសារព័ត៌មានជប៉ុន Nikkei Assia។
ក្នុងរបាយការណ៍បានបង្ហាញថា ការធ្វើតេស្តផលិតបន្ទះសៀគ្វី (chip) នៅរោងចក្រក្រុមហ៊ុន TSMC ថ្មីនៅជិតទីក្រុង Phoenix ត្រូវបានបិតបញ្ចប់ជាផ្លូវការណ៍ ហើយឥឡូវនេះ Apple កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការផ្ទៀងផ្ទាត់គុណភាព និងដំណើរការរបស់ពួកគេ។ បន្ទះសៀគ្វី (Chip) ដំបូង បានត្រៀមរួចរាល់សម្រាប់ការផលិតទ្រង់ទ្រាយធំនៅដើមត្រីមាសឆ្នាំនេះ ដោយរង់ចាំការបញ្ចប់ដំណើរការធ្វើតេស្ត និងការធានាលើគុណភាពផលិត។
រោងចក្រថ្មីរបស់ TSMC ត្រូវបានគេរំពឹងថា នឹងធ្វើការផលិតបន្ទះឈីប A-Series ដែលប្រើនៅក្នុងឧបករណ៍របស់ Apple ជាពិសេសប្រើសម្រាប់ទូរស័ព្ទ iPhone ស៊េរីមុនៗ។ របាយការណ៍ថ្មីៗនេះបានបញ្ជាក់ទៀតថា រោងចក្រថ្មីរបស់ TSMC នឹងធ្វើការផលិតបន្ទះឈីប A16 Bionic សម្រាប់ iPhone 15និង iPhone 15 Plus ហើយនិងបន្ទះឈីប S9 សម្រាប់នាឡិកាដៃឆ្លាតវៃ Apple Watch Ultra 2។

សម្រាប់ការចាប់ផ្តើមសង្វាក់ផលិតកម្មទ្រង់ទ្រាយធំនៅក្នុងរោងចក្រ Arizona នឹងត្រូវបានកំណត់សម្គាល់ជាលើកដំបូងសម្រាប់បន្ទះឈីប silicon របស់ Apple ដែលផលិតនៅសហរដ្ឋអាមេរិកដោយផ្ទាល់តែម្តង៕
