
កាលពីខែមុននេះ ក្រុមហ៊ុន OPPO ទើបតែប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួនម៉ូដែល Find X7 series ហើយក៏បានដាក់លក់នៅលើទីផ្សារក្នុងស្រុករួចហើយ។ ស្មាតហ្វូនថ្មីនេះ មានការចាប់អារម្មណ៌ខ្លាំងបំផុតពីសំណាក់អ្នកប្រើប្រាស់។ នៅថ្ងៃនេះ យោងតាមការបែកធ្លាយព័ត៌មានថ្មីមួយបានសសេរថា ស្មាតហ្វូនជំនាន់ថ្មី Find X8 series នឹងមានការប្រើប្រាស់នូវបន្ទះឈីបដែលមានសមត្ថភាពខ្ពស់បំផុត។
ព័ត៌មានថ្មីនេះ ត្រូវបានគេមើលឃើញថា បានទម្លាយចេញពី Smart Pikachu ដែលបានចែករំលែកនូវព័ត៌មានលម្អិតជាច្រើននៅលើ Weibo។ បើទោះបីជានៅពេលយូរទៀតទំរាំដល់ពេលប្រកាសជាផ្លូវការ ស្មាតហ្វូន Find X8 series នោះ Smart Pikachu បានអះអាងថា ស្មាតហ្វូន Flagship ជំនាន់ថ្មីនេះ នឹងមានបន្ទះឈីបដ៏ខ្លាំងក្លាចេញពីក្រុមហ៊ុន Qualcomm និង MediaTek ។

អ្នកទម្លាយនេះ បានអះអាងថា ស្មាតហ្វូន OPPO Flagship នេះ នឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ ហើយនឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4 SoC និង Dimensity 8400។ ស្មាតហ្វូនថ្មីនេះ មានម៉ូដែល Find X8 Ultra និង Find X8។ សម្រាប់ប្រព័ន្ធសុវត្ថិភាពនៅលើស្មាតហ្វូនជំនាន់ថ្មី Find X8 Ultra ត្រូវបានគេទម្លាយថា នឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ (ultrasonic in-display fingerprint sensor) ខណៈពេលដែលស្មាតហ្វូន Find X8 អាចនឹងប្រើប្រាស់នូវប្រព័ន្ធ optical in-display fingerprint scanner ៕
