
មកដល់ពេលនេះ សម្រាប់ការបង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra គឺកាន់តែកៀកហើយ ប៉ុន្តែបើមើលទៅលើការបែកធ្លាយព័ត៌មានវិញ គឺនៅតែមានជាបន្តបន្ទាប់មិនដាច់នោះទេ។ ជាក់ស្តែងនៅពេលនេះ មានការទម្លាយចេញនូវផ្នែលខាងមុខនៃរបស់ស្មាតហ្វូននេះថែមទៀតហើយ ដែលការបែកធ្លាយលើកនេះ គឺមានការបញ្ជាក់ពីរូបភាពច្បាស់មានគុណភាពខ្ពស់ ដោយបង្ហាញអោយយើងឃើញពីការផ្លាស់ប្តូរមួយចំនួនផងដែរ។
រូបភាពដែលបែកធ្លាយនៅពេលនេះ គឺមានការចែកចាយដោយវិបសាយ MySmartPrice ខណៈដែលកាលពីមុននេះ អ្នកទម្លាយរូបនេះ គឺមានការទម្លាយផ្នែកខាងក្រោយរួចមកហើយ។ ដូច្នេះផ្អែកលើរូបភាពខាងលើនេះ យើងឃើញថា ផ្ទៃខាងមុខនៃស្មាតហ្វូននេះ បានគ្រប់ជ្រុងតែម្តង។ ជាមួយនិងរូបភាពខាងលើនេះ គឺបញ្ជាក់ថា ស្មាតហ្វូននេះ គឺមានគែមអេក្រង់ស្តើងជាងមុនគ្រប់ជ្រុងទាំង 4 តែម្តង។ នៅលើអេក្រង់ស្មាតហ្វូននេះ ក៏មានការរចនាជាមួយនិងរន្ធមួយគ្រាប់ ដែលបង្កប់នូវកាមេរ៉ាមុខសម្រាប់ថតសែលហ្វីថែមទៀតផង។

មួយវិញទៀតជាមួយនិងរូបភាពនេះក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ មានការផ្លាស់ប្តូរអេក្រង់ផងដែរ។ សូមជំរាបថា កាលពីមុននេះ ស្មាតហ្វូនម៉ូដែល Ultra គឺតែងតែបង្ហាញវត្តមានជាមួយនិងអេក្រង់គែមកោងជានិច្ច។ ប៉ុន្តែសម្រាប់វត្តមានរបស់ស្មាតហ្វូន Ultra ថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានសម្រេចចិត្តបោះបង់ចោលអេក្រង់កោងហើយ ដោយបានងាកមកប្រើប្រាស់អេក្រង់រាបស្មើរជំនួសវិញនៅលើ Xiaomi 14 Ultra។ ដូច្នេះបើសិនជាព័ត៌មាននេះ គឺជាការពិតនោះ 14 Ultra នឹងក្លាយជាម៉ូដែលប្រណិតដំបូងគេរបស់ក្រុមហ៊ុននេះ ដែលមានការផ្លាស់ប្តូរ។
គួរបញ្ជាក់ថា កាលពីពេលមុននេះ ស្មាតហ្វូននេះ ត្រូវបានគេទម្លាយថា នឹងមានអេក្រង់ទំហំ 6.7-អ៊ីង LTPO AMOLED display ល្បឿន 120Hz variable refresh rate កម្រិត QHD+ resolution និងមានមុខងារស្កែនម្រាមដៃនៅលើអេក្រង់ under-display fingerprint scanner។ សម្រាប់កាមេរ៉ាមុខនៅលើស្មាតហ្វូននេះ គឺមានទំហំ 32-megapixel។
