ស្វែងរកពួកយើង:

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ

Koun Jab Luffy

12 មេសា 2024 08:10 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះមានការទម្លាយព័ត៌មានថា ស្មាតហ្វូន Huawei P70 Series អាចនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះហើយ ខណៈពេលដែលការបែកធ្លាយថ្មីៗជាច្រើននៅពេលនេះ ក៏បានទម្លាយអំពីតម្លៃរបស់ស្មាតហ្វូន Flagship នេះ ផងដែរ។ បើមើលទៅលើការបង្ហាញនៅក្នុងព័ត៌មានចុងក្រោយបំផុតនោះ គឺមានការទម្លាយអំពីតម្លៃរបស់ស្មាតហ្វូនប្រភេទ Standard និងម៉ូដែល Pro នៃស្មាតហ្វូនត្រកូល P ថែមទៀតផង។
បើតាមការបង្ហោះនៅលើបណ្តាញ Weibo របស់អ្នកទម្លាយ @FixedFocus បាននិយាយថា ស្មាតហ្វូនម៉ូដែលស្តង់ដាររបស់ Huawei P70 ដែលមានទំហំ 512GB អាចនឹងមានតម្លៃចន្លោះពី 5300 យ៉ន់ ទៅ 5500 យ៉ន់ [$732 ទៅ $760]។ ស្មាតហ្វូន Huawei P70 Pro នេះ អាចនឹងមានតម្លៃប្រហែលជា 6400 យ៉ន់ [$884]។ សម្រាប់តម្លៃស្មាតហ្វូនស៊េរីថ្មី Huawei P70 Series ដែលបានបែកធ្លាយនៅពេលនេះ គឺទាបជាងស្មាតហ្វូនជំនាន់មុននេះដល់ទៅ 500 យ៉ន់។ គួរបញ្ជាក់ថា មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានប្រកាសដាក់លក់ស្មាតហ្វូនម៉ូដែល Huawei P60 (512GB) តម្លៃ 5988 យ៉ន់ ខណៈពេលដែល Pro version នេះមានតម្លៃ 7988 យ៉ន់។
ក្រឡេកមកស្មាតហ្វូន Huawei P70 Art នេះវិញ មានការរំពឹងថា អាចនឹងមានតម្លៃចន្លោះពី 8000 យ៉ន់ ដល់ 9000 យ៉ន់។ ការបែកធ្លាយតម្លៃនេះគឺស្របជាមួយនឹងតម្លៃនៃការព្យាករណ៍ទុកនៃស្មាតហ្វូន P70 series។ សូមជំរាបថា នៅមុននេះ បុគ្គ លិករបស់ក្រុមហ៊ុន Huawei បាននិយាយថា អ្នកប្រើប្រាស់អាចធ្វើការ Pre-Order ទៅលើស្មាតហ្វូន Huawei P70 Series នេះ បានដោយមិនចាំបាច់ធ្វើការកក់លុយនោះទេ។
ខណៈពេលនេះ ក្រុមហ៊ុននេះ នៅមិនទាន់មានការទម្លាយអំពីតម្លៃស្មាតហ្វូននេះនៅឡើយទេ ដូច្នេះយើងត្រូវរង់ចាំជាផ្លូវការនៃការប្រកាសស្មាតហ្វូន P Series ថ្មីនេះជាមុនសិន។ គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន Huawei ក៏បានត្រៀមខ្លួនក្នុងការបង្ហាញនូវផលិតផលថ្មីៗជាច្រើនរបស់ខ្លួនដែលមានដូចជាស្មាតវ៉ច ផលិតផលប្រើប្រាស់ក្នុងផ្ទះ និងសម្ភារៈពាក់នៅលើខ្លួនថែមទៀត៕
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!