
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន vivo បានត្រៀមខ្លួននៅក្នុងការបញ្ចេញនូវផលិតផលថ្មីរបស់ខ្លួននៅក្នុងទីផ្សារប្រទេសឥណ្ឌាឆាប់ៗនេះហើយ។ ប្រភពខាងលើនេះបន្តថា នៅក្នុងចំណោមផលិតផលថ្មីរបស់ក្រុមហ៊ុននេះ ក៏មានស្មាតហ្វូនជំនាន់ថ្មី vivo X200 FE រួមនិងស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 5 ដែលជាម៉ូដែលប្រណិតរបស់ខ្លួនផងដែរ។ ប៉ុន្តែនៅមុនការប្រកាសជាផ្លូវការណ៌នេះ មានការបែកធ្លាយព័ត៌មានលម្អិតនៃតម្លៃ និងកាលបរិច្ឆេទនៃការលក់ស្មាតហ្វូនជំនាន់ថ្មីនេះនៅក្នុងប្រទេសឥណ្ឌាហើយ។
បើតាមព័ត៌មានចុងក្រោយបំផុតដែលបញ្ចេញដោយអ្នកទម្លាយ Sanju Choudhary នៅលើបណ្តាញ X នាពេលនេះ បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់ vivo X Fold 5 និង vivo X200 FE នឹងចាប់ផ្តើមលក់ដំបូងបំផុតនៅថ្ងៃទី 17 ខែកក្កដាឆ្នាំ 2025 នេះ។ ស្មាតហ្វូន Flagship តម្លៃសមរម្យ និងស្មាតហ្វូនបត់បានប្រណិតនេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅថ្ងៃទី 10 ខែកក្កដាឆ្នាំ 2025 នេះ។

ម្យ៉ាងវិញទៀតនោះ ការបង្ហាញនៅក្នុងប្រទេសចិនគឺនៅថ្ងៃទី 25 ខែមិថុនានេះ។ អ្នកទម្លាយនេះ ក៏បង្ហាញអំពីតម្លៃរបស់ស្មាតហ្វូន vivo X200 FE និង vivo X Fold 5 នៅក្នុងប្រទេសឥណ្ឌា។

ស្មាតហ្វូនជំនាន់ថ្មី X200 FE របស់ក្រុមហ៊ុន vivo គឺមានតម្លៃ 54,999 INR ប្រហាក់ប្រហែល 633 ដុល្លារអាមេរិក ខណៈពេលដែលស្មាតហ្វូន vivo X Fold 5 គឺមានតម្លៃ 139,999 INR ប្រហែល 1636 ដុល្លារអាមេរិក។ អ្នកទម្លាយ Sanju បានអះអាងថា ស្មាតហ្វូន vivo X200 FE អាចនឹងលក់នៅក្នុងតម្លៃក្រោម 49,999 INR ជាមួយនឹងការផ្តល់ជូនពិសេសនៅក្នុងប្រទេសឥណ្ឌា។ សម្រាប់អ្នកដែលមិនបានដឹងនោះ ស្មាតហ្វូនជំនាន់ថ្មី vivo X200 FE នេះ ត្រូវបានគេរំពឹងថា អាចនឹងក្លាយជា rebrand version របស់ស្មាតហ្វូន vivo S30 Pro Mini ដែលបង្ហាញខ្លួនថ្មីៗនេះ នៅក្នុងប្រទេសចិនផងដែរ៕
