
ខណៈដែលគ្រប់គ្នានៅមិនទាន់ដឹងច្បាស់ពីការឌីស្សាញរូបរាង ក៏ដូចជាបច្ចេកវិទ្យាថ្មីៗរបស់ iPhone 16 Series នោះ នៅថ្ងៃនេះ មានការទម្លាយជាថ្មីនូវការឌីស្សាញកាមេរ៉ាក្រោយរបស់ស្មាតហ្វូនថ្មីនេះថែមទៀតហើយ។ បើមើលទៅលើរូបភាពខាងលើនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូន iPhone 16 lineup គឺមានការផ្លាស់ប្តូរការឌីស្សាញម៉ូឌុលកាមេរ៉ាក្រោយ។
យោងតាមការទម្លាយចេញរបស់ Majin Bu នៅលើបណ្តាញ Twitter/X user បានបង្ហាញនូវរូបភាពថ្មីៗ បញ្ជាក់ពីការឌីស្សាញកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូនថ្មីរបស់ iPhone។ រូបភាពថ្មីនេះ ត្រូវបានគេដាក់ការសង្ស័យថា គឺជាកាមេរ៉ាក្រោយរបស់ស្មាតហ្វូនម៉ូដែលស្តង់ដារ iPhone 16។ រូបភាពនេះ គឺបង្ហាញថា កាមេរ៉ារបស់ស្មាតហ្វូននេះ គឺមានរាងបញ្ឈរ ដែលមើលទៅគឺមានភាពខុសគ្នាពីជំនាន់មុន iPhone 15 និង 15 Plus។ បើតាមប្រភពខាងលើនេះ ក៏មានការបង្ហាញនូវផ្នែកខ្លះនៃកាមេរ៉ានេះថែមទៀតផង។
ទាក់ទងនឹងព័ត៌មាននេះ MacRumors ក៏បានធ្វើការផ្ទៀងផ្ទាត់ទៅលើរូបភាពខាងលើនេះផងដែរ។ បើតាមប្រភពនៃឧស្សាហកម្មនេះ បានបញ្ជាក់ថា គំរូរូពភាពដែលបង្ហោះដោយ Majin Bu នេះ គឺជាកាមេរ៉ាគោលរបស់ស្មាតហ្វូននេះ មានការឌីស្សាញជាមួយនិងទម្រង់ I-34 camera project របស់ស្មាតហ្វូនស្តង់ដារ iPhone 16 ដែលក្រុមហ៊ុនគ្រោងនឹងបង្ហាញវត្តមាននៅចុងឆ្នាំនេះ។
សម្រាប់ការផ្លាស់ប្តូរការឌីស្សាញថ្មីនេះ ត្រូវបានគេនិយាយថា គឺមិនមានអ្វីប្លែកនោះទេ ពីព្រោះថា កន្លងមក ក្រុមហ៊ុន Apple ក៏ធ្លាប់បានធ្វើការឌីស្សាញកាមេរ៉ាទម្រង់បែបនេះនៅលើស្មាតហ្វូនរបស់ខ្លួនជាច្រើនរួចមកហើយរាប់ចាប់ពី iPhone X និង iPhone 12 ជាដើម។ ជាមួយនិងពាក្យចចាមអារ៉ាមនៃការផ្លាស់ប្តូរខាងលើនេះ ត្រូវបានគេជឿជាក់ថា អាចនឹងក្លាយជាការពិត ដោយសារតែថ្មីៗនេះ មានការទម្លាយជាច្រើនទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពរូបរាងរបស់ស្មាតហ្វូនជំនាន់ iPhone 16 Series នេះ។
