ស្វែងរកពួកយើង:

បែកធ្លាយបន្ទះឈីបដែលនឹងប្រើប្រាស់នៅលើ Galaxy S26 series, Z Fold 8 និង Z Flip 8

ដោយ

Koun Jab Luffy

25 ឧសភា 2025 12:19 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ មានការបែកធ្លាយនូវព័ត៌មានថ្មីរបស់ក្រុមហ៊ុន Samsung ស្តីពីការប្រើប្រាស់បន្ទះឈីបថ្មីនៅលើស្មាតហ្វូនជំនាន់ថ្មី របស់ខ្លួន Galaxy S26 Series ដែលនឹងចេញនៅដើមឆ្នាំ 2026។ តាមយុទ្ធសាស្រ្តថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវបានគេទម្លាយថា នឹងមានការប្រើប្រាស់នូវបន្ទះឈីប  Exynos 2600 សម្រាប់ម៉ូដែល S26 និង S26+ នៅលើទីផ្សារសកល ខណៈដែលស្មាតហ្វូន S26 Ultra គឺនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite 2 សម្រាប់ទីផ្សារនៅជុំវិញពិភពលោក និងសម្រាប់ Galaxy S26 Series ដែលលក់នៅក្នុងសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងចិន គឺនឹងប្រើប្រាស់ឈីប Snapdragon 8 Elite 2 ទាំងអស់។
ប្រភពខាងលើបានបន្តថា សម្រាប់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ទី 8 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះក៏នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite 2 ផងដែរ។ យោងតាមគម្រោងផែនការនៃ Galaxy S26 series អាចនឹងប្រើប្រាស់នូវយុទ្ធសាស្រ្ត dual-chip strategy របស់ក្រុមហ៊ុន Samsung បន្ទាប់ពីការប្រើប្រាស់នូវបន្ទះឈីប Snapdragon និង Exynos 2500។
ជាមួយគ្នា ក៏មានរបាយការណ៍ថ្មីមួយចេញពីកូរ៉េខាងត្បូង បានបញ្ជាក់ដែរថា បន្ទះឈីប  Exynos 2600 នេះ គឺនឹងមានការប្រើប្រាស់នូវស្ថាបត្យកម្ម Samsung 2nm SF2 node ជាមួយនឹងស្ថាបត្យកម្ម GAA FET ដែលប្រើប្រាស់នៅលើស្មាតហ្វូន S26 និង  S26+ ( ឬ S26 Edge) នៅក្នុងតំបន់ជាច្រើននៅអ៊ឺរ៉ុប ខណៈដែលអាស៊ី អាចនឹងជាមួយនឹងបន្ទះឈីប Snapdragon 8 Elite 2 ដែលប្រើប្រាស់នៅលើស្មាតហ្វូន S26 Ultra។
Article image
អ្វីដែលគួរអោយកត់សម្គាល់នោះ បន្ទះឈីប Snapdragon 8 Elite 2 “For Galaxy” ត្រូវបានគេរាយការណ៌ថា អាចនឹងធ្វើការផលិតដោយប្រើប្រាស់នូវដំណើរការ 2nm របស់ក្រុមហ៊ុន Samsung ផងដែរ។ សូមជំរាបថា បន្ទះឈីប Exynos 2600 និង Snapdragon 8 Elite 2 For Galaxy នេះ គឺសុទ្ធតែប្រើប្រាស់នូវ 2nm ប៉ុន្តែសម្រាប់ TSMC N3P ក៏មានសមត្ថភាពខ្ពស់ជាង nodes របស់ក្រុមហ៊ុន Samsung ៕
បែកធ្លាយបន្ទះឈីបដែលនឹងប្រើប្រាស់នៅលើ Galaxy S26 series, Z Fold 8 និង Z Flip 8