
បន្ទាប់ពីមានការបែកធ្លាយអស់រយៈពេលជាច្រើនសប្តាហ៍មក នៅទីបំផុតថ្ងៃនេះ ក្រុមហ៊ុន OnePlus បានបញ្ជាក់អំពីពេលវេលានៃការបង្ហាញចេញនូវស្មាតហ្វូន OnePlus Turbo ស៊េរីថ្មីរបស់ខ្លួនហើយ។ ស្មាតហ្វូនថ្មីនេះ នឹងមាន 2 ម៉ូដែលរួមមានដូចជាTurbo 6 និង Turbo 6V ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 8 ខែមករាឆ្នាំ 2026 ខាងមុខនេះ។ ថ្ងៃនេះ នៅមុនការប្រកាសជាផ្លូវការណ៌នេះ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ចិនមួយនេះ ក៏បានប្រកាសអំពីព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះផងដែរ។
ស្មាតហ្វូន OnePlus Turbo 6 ដែលនឹងមកដល់ឆាប់ៗនេះ គឺមាន 4 ទំហំផ្សេងគ្នា ដែលក្នុងនោះរួមមានដូចជា 12GB+256GB, 12GB+512GB, 16GB+256GB និង 16GB+512GB ហើយនិងមានជម្រើស 3 ពណ៌គឺ Lone Black, Chasing Light Silver និង Wilderness Green។ សម្រាប់ស្មាតហ្វូន OnePlus Turbo 6V វិញ គឺមានទំហំ 8GB+256GB, 12GB+256GB និង 12GB+512GB ហើយនិងមាន 3 ពណ៌ដូចគ្នា គឺ Lone Black, Nova White និង Fearless Blue។

យោងតាមរបាយការណ៍ជាច្រើនបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី OnePlus Turbo 6 និង Turbo 6V នេះ នឹងមានអេក្រង់រាបស្មើជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ខណៈដែល Turbo 6 មានអេក្រង់ទំហំ 6.78-អ៊ីង ទ្រទ្រង់នូវល្បឿន 165Hz refresh rate ហើយស្មាតហ្វូន Turbo 6V មានអេក្រង់ទំហំ 6.8 អ៊ីង គាំទ្រជាមួយនឹងល្បឿន 144Hz refresh rate ។ ស្មាតហ្វូន OnePlus Turbo 6 នឹងមានបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 4 ខណៈដែល Turbo 6V ប្រើប្រាស់នូវបន្ទះឈីប Snapdragon 7s Gen 4។

ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ នឹងបំពាក់នូវថាមពលថ្មទំហំ 9,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W wired charging។ សម្រាប់ស្មាតហ្វូន Turbo 6 នេះ ក៏មានបំពាក់នូវ 27W reverse wired charging, LPDDR5x RAM និង UFS 4.1 storage ផងដែរ។ ស្មាតហ្វូនទាំងពីរនេះដំណើរការនៅលើ Android 16 ជាមួយនឹង ColorOS 16 ហើយនឹងបំពាក់នូវមុខងារជាច្រើនទៀតដូចជា optical in-screen fingerprint sensor, IR blaster, plastic frame និង IP68/69 សម្រាប់ការពារទឹក និងធូលីផងដែរ៕
