ស្វែងរកពួកយើង:

បែកធ្លាយរូបភាពថ្មី Pixel 9 និង Pixel 9 Pro XL ជាមួយពណ៌ផ្កាឈូក និងពណ៌ប៉កស៊ីឡែន

ដោយ

Koun Jab Luffy

23 កក្កដា 2024 09:18 ព្រឹក

អាន 2 នាទី

Article image
បើតាមការទម្លាយកន្លងមកបានបញ្ជាក់ថា ក្រុមហ៊ុន Google បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Pixel និងនាឡិកាឆ្លាតវៃជំនាន់ថ្មីនាថ្ងៃទី 13 ខែសីហាខាងមុននេះហើយ។ មកដល់ពេលនេះ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេទម្លាយចេញនូវព័ត៌មានសំខាន់ៗ រួមទាំងរូបភាពមួយចំនួនរួចហើយ។ ហើយនៅថ្ងៃនេះ Sudhanshu Ambhore បានបញ្ចេញនូវគំនូសព្រាងរបស់ Pixel 9 និង Pixel 9 Pro XL ថែមទៀតហើយ។
សូមជំរាបផងដែរថា បើមើលនៅលើរូបភាពស្មាតហ្វូនជំនាន់ថ្មី Pixel 9 ដែលបានបង្ហាញចេញកាលពីដើមខែនេះ គឺមានពណ៌ផ្កាឈូក ហើយជាមួយនឹងរូបភាពថ្មីនៅថ្ងៃនេះ គឺបានបង្ហាញចេញនូវជម្រើសពណ៌ដូចមុននេះដែរ។ រូបភាពនេះ គឺមានការឌីស្សាញជាមួយម៉ូឌុលកាមេរ៉ាផ្តេក ដែលខុសពីម៉ូដែលមុនៗបន្តិច។ សម្រាប់វត្តមានរបស់ពណ៌ផ្កាឈូកនៅលើស្មាតហ្វូន Pixel 9 នេះ គឺនឹងក្លាយជាពណ៌ថ្មីមួយទៀតបន្ទាប់ពីក្រុមហ៊ុននេះបានបញ្ចេញនូវពណ៌ ខ្មៅ និងពណ៌ខៀវ រួមនិងពណ៌បៃតង ដែលជាពណ៌ដ៏ពេញនិយម។
Article image
ក្រឡេកមកមើល Pixel 9 Pro XL វិញ គឺមានការឌីស្សាញជាមួយពណ៌ប៉កស៊ីឡែនមិនខុសគ្នាពីឆ្នាំមុនដែលមាននៅលើស្មាតហ្វូន Pixel 8 Pro ដែលចេញកាលពីឆ្នាំមុននោះទេ។ នៅលើម៉ូឌុលកាមេរ៉ាស្មាតហ្វូននេះ គេឃើញមានការតម្លើងមកជាមួយនូវ Periscope Lens ហើយក៏មានការបំពាក់នូវសិនស័រវាស់សីតុណ្ហភាព ដែលស្ថិតនៅក្បែរអំពូលភ្លើង LED flash unit ផងដែរ។
Article image
ជាមួយនិងវត្តមានរបស់ Pixel 9 series នៅឆ្នាំនេះ ត្រូវបានពាក្យចចាមអារ៉ាមនិយាយថ នឹងមានការបំពាក់នូវបន្ទះឈីប Tensor G4 និងមានរ៉េមទំហំ 16GB។ បន្ថែមពីនេះក៏មានការទម្លាយថា Pixel 9 និង 9 Pro អាចនឹងមានតម្លៃ EUR 899 និង EUR 1,099 សម្រាប់ទំហំ 128GB។ ខណៈដែល Pixel 9 Pro XL នឹងមានតម្លៃចាប់ពី EUR 1,199 ទៅលើទំហំ 128GB។