
កាលពីខែមិថុនាកន្លងទៅនេះ មានការបែកធ្លាយនូវព័ត៌មានមួយចំនួនរបស់ realme GT7 Pro ដែលថែមទាំងមានការបញ្ជាក់ពីលក្ខណៈសម្បត្តិមួយចំនួននៅលើស្មាតហ្វូននេះថែមទៀតផង។ នៅថ្ងៃនេះ យោងតាមការចែកចាយព័ត៌មានថ្មី គឺបានធ្វើការទម្លាយនូវរូបភាពផ្នែកខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មីនេះថែមទៀតហើយ។
ដូចអ្វីដែលគ្រប់គ្នាបានឃើញអញ្ចឹង ការឌីស្សាញខ្នងក្រោយរបស់ស្មាតហ្វូន realme GT7 Pro មើលទៅគឺប្រហែលគ្នាជាមួយនិងខ្នងក្រោយរបស់ Xiaomi 14 និង 14 Pro អញ្ចឹងដែរ ដោយខុសស្រឡះពី realme GT5 Pro ដែលចេញលក់កន្លងមក ដែលមានការឌីស្សាញម៉ូឌុលកាមេរ៉ាមានរាងជារង្វង់។

សម្រាប់ការឌីស្សាញម៉ូឌុលកាមេរ៉ានៅលើ GT7 Pro នៅពេលនេះ គឺមានរាងការេស្ថិតនៅលើជ្រុងខាងឆ្វេង ហើយស្មាតហ្វូននេះត្រូវបានគេបញ្ជាក់ថា នឹងមានការបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8 Gen 4 មានរ៉េមទំហំ 16GB ហើយនិងមានអង្គចងចាំទំហំ 1TB។ ស្មាតហ្វូននេះត្រូវបានគេរំពឹងថា នឹងមានថ្មទំហំ 6,000mAh គាំទ្រដោយកម្លាំងសាក 100W fast wired charging ហើយថែមទាំងមានការទ្រទ្រង់នូវប្រព័ន្ធការពារទឹក និងធូលីកម្រិត IP68 និង IP69 ទៀតផង។
ជាមួយគ្នានេះ ក៏មានការទម្លាយ នៅក្នុងចំណោមកាមេរ៉ាមួយគ្រាប់នៅលើស្មាតហ្វូននេះ គឺនឹងមានមួយគ្រាប់អាចហ៊្សូមបាន 3x optical zoom periscope telephoto តាមរយៈនៃការប្រើប្រាស់នូវសិនស័រ Sony LYT-600 sensor ខណៈដែលអេក្រង់ខាងមុខ គឺមានគែមកោង ហើយនិងមានការផ្គត់ផ្គង់ដោយក្រុមហ៊ុន BOE។ អេក្រង់នេះមានសមត្ថភាពអាចបង្ហាញចេញបានកម្រិត "1.5K" resolution។ realme GT7 Pro ត្រូវបានគេរំពឹងថា អាចនឹងមានការប្រកាសចេញនៅចន្លោះខែតុលា និងខែធ្នូ ប៉ុន្តែមិនទាន់ដឹងថា មានការប្រកាសចេញនៅលើទីផ្សារសកល ឬយ៉ាងណានោះទេ។
