
ក្រុមហ៊ុន vivo បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូនបត់បានថ្មីរបស់ខ្លួននៅក្នុងទីផ្សាររបស់ចិន នៅក្នុងពេលឆាប់ៗនេះហើយ។ ប៉ុន្តែមុនការប្រកាសជាផ្លូវការនេះ ការបែកធ្លាយថ្មីមួយ ក៏បានទម្លាយអំពីមុខងារសំខាន់ៗរបស់ស្មាតហ្វូន vivo X Fold 3 នេះផងដែរ។ នៅពេលនេះ យើងនឹងមើលទៅលើមុខងារទាំងនេះទាំងអស់គ្នា។ ព័ត៌មាននេះ ត្រូវបានទម្លាយនៅលើ Weibo ដែលបានចែករំលែកនូវរូបភាពផ្លូវការរបស់ស្មាតហ្វូននេះថែមទៀតផង។ នៅលើវិបសាយនេះ ក៏មានការបង្ហាញអំពីលក្ខណៈសម្បត្តិ និងមុខងារជាច្រើនរបស់ស្មាតហ្វូន vivo X Fold 3 នេះផងដែរ។
ស្មាតហ្វូនដែលអាចបត់បាននេះ នឹងមានតួខ្លួនស្តើងជាងមុន និងទម្ងន់ស្រាលថែមទៀត។ បន្ថែមពីនេះ វាក៏មានរូបភាពមួយដែលមានការប្រៀបធៀបស្មាតហ្វូននេះទៅនឹង iPhone 15 Pro/Pro Max ។ ស្មាតហ្វូន iPhone គឺមានទម្ងន់ធ្ងន់ជាង ហើយនេះមានន័យថា នស្មាតហ្វូន Vivo X Fold 3 នឹងមានទម្ងន់ស្រាលជាងស្មាតហ្វូន Apple Flagship ក្នុងពេលបច្ចុប្បន្ន។
រូបភាពនេះទម្លាយថា ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 3 នេះ គឺមានថាមពលថ្មទំហំ 5,500mAh ទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកល្បឿន 120W wired fast charging និងបច្ចេកវិទ្យា 50W wireless fast charging។ នៅលើស្មាតហ្វូនថ្មីនេះ ក៏មានមុខងារ AI ជាច្រើន ហើយថែមទាំងរត់នៅលើស្បែក OriginOS 4 ថែមទៀត។ ស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានកាមេរ៉ាគោលទំហំ 50-Megapixel គាំទ្រដោយមុខងារទប់លំនឹង OIS (Optical Image Stabilization) ហើយនិងកាមេរ៉ាមួយគ្រាប់ទៀតទំហំ 64-Megapixel ជាប្រភេទ Telephoto ដែលមានការគាំទ្រជាមួយនូវងមុខងារទប់លំនឹង OIS ដូចគ្នា។

ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 3 នេះ នឹងមានអេក្រង់បត់ខាងក្នុងទំហំ 8.03-អ៊ីងទ្រទ្រង់បានជាមួយនឹងកម្រិតភាពច្បាស់ 2K+ resolution ពន្លឺ 3,000nits និងមានទំហំ 91.8 % ធៀបនឹងតួខ្លួន។ សម្រាប់អេក្រង់ខាងក្នុងង និងអេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះ គឺមានការគាំទ្រនូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ដូចគ្នា។ ស្មាតហ្វូនថ្មីនេះ ក៏មានបំពាក់នូវបន្ទះឈីប Snapdragon 8 series ហើយនិងមានអង្គចងចាំទំហំ 2TB ហើយក៏ទ្រទ្រង់នូវ 5G+ NR CA ថែមទៀតផង។
