ស្វែងរកពួកយើង:

ប៉ាតង់ថ្មីរបស់ Apple បញ្ជាក់ថា វត្តមានរបស់ iPhone 16 series អាចនឹងមានថាមពលថ្មធំជាងមុន

ដោយ

Koun Jab Luffy

28 មីនា 2024 01:11 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Apple ទើបតែដាក់ស្នើរទៅលើប៉ាតង់ថ្មី ដែលមានការទម្លាយថា ក្រុមហ៊ុនអាមេរិកាំងមួយនេះ អាចនឹងបង្កើនទៅលើទំហំថាមពលថ្មដោយ មិនចាំបាច់បង្កើនទៅលើទំហំរូបរាងខាងក្រៅនោះទេ។ គួរបញ្ជាក់ថា មកដល់ថ្មីនេះ ស្មាតហ្វូន Android ជាច្រើន គឺបានចាប់ផ្តើមប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿនជាងមុន និងថាមពលថ្មកាន់តែធំជាងមុន ដោយនៅក្នុងពេលបច្ចុប្បន្ននេះ គឺមានទំហំច្រើនជាង 5000mAh។ ដើម្បីឆ្លើយតបនឹងប្រែប្រួលនេះ នៅពេលនេះ ក្រុមហ៊ុន Apple ក៏នឹងបង្កើនទៅលើទំហំនៃថាមពលថ្មរបស់ខ្លួននៅលើស្មាតហ្វូនផងដែរ។
នៅក្នុងប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Apple ដែលមានឈ្មោះហៅថា “Battery cells with tabs at right angle” បានបញ្ជាក់ថា ទំហំនៃថាមពលថ្មថ្មីរបស់ក្រុមហ៊ុន Apple នេះ អាចនឹងបង្កើនដោយមិនចាំបាច់បង្កើនទំហំរូបរាងនោះទេ។ ប៉ាតង់នេះ ត្រូវបានក្រុមហ៊ុនស្នើសុំតាំងពីខែកញ្ញាឆ្នាំ 2021 មកម្លេះ ហើយក៏មានការចេញផ្សាយនៅក្នុងថ្ងៃទី 26 ខែមីនា ឆ្នាំ 2024 នេះ។
Article image
ក្រុមហ៊ុន Apple ក៏បានស្រាវជ្រាវរកវិធីសាស្រ្តជាច្រើនទៀត នៅក្នុងការបង្កើនទៅលើទំហំ និងអាយុកាលនៃការប្រើប្រាស់ថាមពលថ្មនេះ។ បន្ថែមពីនេះទៀតនោះ ប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Apple បញ្ជាក់ថា សម្រាប់ connector ដែលភ្ជាប់នៅលើថ្មសម្រាប់ស្មាតហ្វូន iPhone នាពេលខាងមុខនេះ គឺមានភាពខុសប្លែកពីអ្វីដែលបានប្រើប្រាស់នៅលើថ្មក្នុងពេលបច្ចុប្បន្ននេះ។
ក្រុមហ៊ុន Apple បានបញ្ជាក់ថា ការសម្រេចបាននូវថាមពលថ្មដែលមានកម្រិតទំហំធំនេះ គឺពាក់ព័ន្ធទៅនឹងទីតាំងថ្មនៅក្នុងស្មាតហ្វូននេះ។ សូមជំរាបថា ការបញ្ចេញនូវប៉ាត់ងនេះ ក្រុមហ៊ុន Apple គឺមិនងាយស្រួលនោះទេ នៅក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មថ្មីនេះនៅលើស្មាតហ្វូន iPhone 16 series។ ប៉ុន្តែបើអ្វីគ្រប់យ៉ាងដំនើរការតាមគម្រោងផែនការរបស់ Apple នោះ ស្មាតហ្វូន iPhones នឹងមានថាមពលថ្មទំហំដដែល ប៉ុន្តែកម្លាំងធំជាងមុន។ The Mac Observer បានធ្វើកត់សំគាល់ថា ថ្មនេះ អាចនឹងចាប់ផ្តើមប្រើប្រាស់នៅលើ iPhone 16 series៕