
ក្រុមហ៊ុន Xiaomi ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ផលិតស្មាតហ្វូនបត់អេក្រង់ជំនាន់ថ្មីចំនួនពីរស៊េរីសម្រាប់ទីផ្សារប្រទេសចិនដែលមាន Xiaomi MIX Fold 4 និង MIX Flip ហើយសម្រាប់ម៉ូដែល MIX Flip ដែលជា Clamshell Smartphone ដំបូងរបស់ Xiaomi ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមាននៅចុងខែកុម្ភៈនេះជាមួយនឹងបងធំ Xiaomi 14 Ultra។ ចំនែកម៉ូដែល MIX Fold 4 នឹងមកដល់នៅត្រីមាសទីពីរនៃឆ្នាំ 2024 នេះ។
ហើយនៅពេលនេះគណនីតម្លាយព័ត៌មានល្បីឈ្មោះរបស់ប្រទេសចិន Digital Chat Station ហៅកាត់ថា DCS បានធ្វើការទម្លាយនូវគុណសម្បត្តិ និងការឌីស្សាញមួយចំនួនរបស់ស្មាតហ្វូន Flip ដំបូងរបស់ Xiaomi ផងដែរ។ បើតាមប្រភព DCS បានបញ្ជាក់ថា សម្រាប់អេក្រង់បត់ខាងក្នុងរបស់ Xiaomi Mix Flip នឹងមិនមានស្នាមផ្នត់នោះទេ (zero perception crease)។

ស្មាតហ្វូនបត់បែប Clamshell ដំបូងរបស់ Xiaomi នឹងមានដំឡើងមកជាមួយប្រព័ន្ធកាមេរ៉ាក្រោយចំនួនពីរគ្រាប់ dual-camera system ដែលមានទំហំ 50MP ជា Primary និង Telephoto camera។ ដោយឡែកបើតាមប្រភពបែកធ្លាយកន្លងមកបាននិយាយថា Xiaomi Mix Flip នឹងដំឡើងមកជាមួយនឹងបន្ទះឈីបកំពូល Snapdragon 8 Gen 3 របស់ Qualcomm ព្រមទាំងគាំទ្រប្រព័ន្ធ Satellite connectivity ថែមទៀតផង។
ប្រភពក៏បានឲ្យដឹងថា សម្រាប់ម៉ូដែល Xiaomi Mix Fold 4 ក៏នឹងបំពាក់បន្ទះឈីប Snapdragon 8 Gen 3 ហើយនឹងគាំទ្រប្រព័ន្ធ Satellite connectivity ផងដែរ។ ហើយសម្រាប់ការឌីស្សាញរបស់ស្មាតហ្វូនបត់ជំនាន់ថ្មីទាំងពីរនេះ ត្រូវបានគេរំពឹងថា នឹងមានកម្រាស់ស្តើងបំផុត និងស្រាលបំផុតបើធៀបនឹងជំនាន់មុន ក៏ដូចជាស្មាតហ្វូនបត់ក្រុមហ៊ុនផ្សេង។

Xiaomi Mix Fold 4 ត្រូវបានគេនិយាយថានឹងមានទម្ងន់ស្រាលជាងជំនាន់ Mix Fold 3 ដែលមានទំងន់ 155g ទៅ 159g។ ហើយស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ Xiaomi ទាំងពីរ ក៏នឹងបំពាក់បច្ចេកវិទ្យាអេក្រង់គុណភាពខ្ពស់ ព្រមជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនថែមទៀតផង។ ចំពោះ Xiaomi Mix Fold 4 នឹងដំឡើងមកជាមួយប្រព័ន្ធកាមេរ៉ាក្រោយចំនួន 4 គ្រាប់ហើយក្នុងនោះក៏នឹងមានសែនស័រ Periscope telephoto ទំហំ 50MP ផងដែរ៕
