
នៅពេលេនេះ ក្រុមហ៊ុន vivo បានចាប់ផ្តើមចែករំលែកនូវព័ត៌មានមួយចំនួនរបស់ vivo V40 និង V40 Pro ដែលគ្រោងបង្ហាញខ្លួននៅលើទីផ្សារប្រទេសឥណ្ឌាហើយ។ ថ្មីៗនេះមានការបង្ហាញវត្តមានរបស់ស្មាតហ្វូន V40 series នៅលើវិបសាយផ្លូវការរបស់ក្រុមហ៊ុន vivo ប្រចាំប្រទេសឥណ្ឌា ដោយថែមទាំងមានការបញ្ជាក់ពីព័ត៌មានថ្មីៗមួយចំនួនរបស់ស្មាតហ្វូនជំនាន់ថ្មីនេះថែមទៀតផង។
ប្រភពព័ត៌មានខាងលើនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី vivo V40 និង vivo V40 Pro ដែលគ្រោងបង្ហាញខ្លួននៅលើទីផ្សារប្រទេសឥណ្ឌា ត្រូវបានក្រុមហ៊ុនធ្វើការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាជំនាន់ថ្មី ដែលសហការជាមួយនិងក្រុមហ៊ុន ZEISS optics។ នៅលើរូបភាពដែលមានការចែកចាយខាងលើនេះ គឺបានបង្ហាញថា ប្រព័ន្ធកាមេរ៉ាស្មាតហ្វូនជំនាន់ថ្មី V40 series នឹងមានការប្រើប្រាស់នូវកាមេរ់ាមុខទំហំ 50-Megapixel និងកាមេរ៉ាក្រោយ 3 គ្រាប់ ដែលមានកាមេរ៉ាគោលទំហំ 50-Megapixel គាំទ្រដោយសិនស័រ Sony IMX921 និងគ្រាប់ទីពីរមានទំហំ 50-Megapixel ultrawide lens ខណៈដែលកាមេរ៉ាទីបីមានទំហំ 50-Megapixel IMX816 telephoto ហ៊្សូមបាន 2x optical zoom។

លក្ខណៈសម្បត្តិដែលចែកចាយខាងលើនេះត្រូវបានគេជឿជាក់ថា គឺជាស្មាតហ្វូន vivo V40 Pro។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានអេក្រង់គែមកោងប្រភេទ OLED ហើយនិងមានម៉ូឌុលកាមេរ៉ាក្រោយមានរាងជាង oval-shaped camera design ព្រមទាំងមាន ring LED flash នៅក្នុងម៉ូឌុលកាមេរ៉ានេះផងដែរ។ ថ្មីៗនេះមានការទម្លាយព័ត៌មាននៅលើបញ្ជី Geekbench ថា ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Dimensity 9200 Plus រ៉េម 8GB និងប្រព័ន្ធប្រតិបត្តិការ Android 14។

vivo V40 series នឹងមានថ្មទំហំ 5,500mAh គាំទ្រនូវកម្លាំងសាក 80W fast charging។ ជាមួយគ្នានេះ ក្រុមហ៊ុននេះក៏បានបញ្ជាក់ទៀតថា ស្មាតហ្វូននេះ នឹងមានកម្រ៉ាស់ត្រឹមតែ 7.58mm ប៉ុណ្ណោះ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានបង្ហាញទៀតថា ស្មាតហ្វូន V40 series នឹងក្លាយជាស្មាតហ្វូនដែលមានកម្រ៉ាស់ស្តើងជាងគេបំផុតនៅក្នុងទីផ្សារនេះ ដែលមានបំពាក់នូវថាមពលថ្មទំហំ 5,500mAh។

នៅលើស្មាតហ្វូននេះក៏មានការបំពាក់នូវប្រព័ន្ធការពារទឹកនិងធូលីកម្រិត IP68 ថែមទៀតផង។ vivo V40 និង V40 Pro នឹងមានជម្រើសពណ៌ Titanium Grey និង Ganges Blue ខណៈដែលម៉ូដែល V40 ក៏នឹងមានការបន្ថែមនូវពណ៌ Lotus Purple ផងដែរ។
