
មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន OPPO ត្រូវបានគេមើលឃើញថា ពិតជាមានភាពមមាញឹកជាខ្លាំង ហើយនៅដើមឆ្នាំ 2025 ខាងមុខនេះ ក៏នឹងមានការបន្តមមាញឹកផងដែរ។ ខណៈពេលដែលក្រុមហ៊ុននេះបានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Reno 13 Series សម្រាប់ទីផ្សារសកលថែមទៀតហើយ។
ប៉ុន្តែបើមើលទៅលើទីផ្សាររបស់ចិនវិញ គឺនឹងមានការបង្ហាញវត្តមានជាច្រើនដូចជា OPPO Find N5, Find X8 Ultra និង Find X8 Mini។ យោងតាមការបង្ហោះមួយនៅលើ Weibo ចេញពីលោក Zhou Yibao ដែលចេញពីប្រធានផ្នែកគ្រប់គ្រងផលិតផល OPPO Find ក៏ទម្លាយនូវពេលវេលាក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Find N5 និង X8 Ultra ផងដែរ។

ដូចអ្វីដែលបានឃើញនោះ លោក Zhou Yibao បានឆ្លើយតបទៅនឹងសំណួរមួយនៅលើ Weibo អំពីពេលវេលាអំពីការបង្ហាញនូវស្មាតហ្វូនថ្មីនេះថែមទៀតផង។ ស្មាតហ្វូន Find X8 Ultra អាចនឹងបង្ហាញខ្លួននៅក្នុងខែមករា ហើយលោក Zhou បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីនេះ ក៏មានគម្រោងនៅក្នុងការបង្ហាញនូវស្មាតហ្វូនបត់បាន Find N5 ផងដែរ។ ស្មាតហ្វូន Find X8 Ultra នឹងមានលក្ខណៈពិសេសជាច្រើនក្នុងការប្រើប្រាស់។ យ៉ាងណាមិញ គាត់មិនបានបញ្ជាក់អំពីស្មាតហ្វូន OPPO Find X8 Mini ដែលនឹងក្លាយជាស្មាតហ្វូនដែលមានអេក្រង់តូចបំផុតនៅក្នុងត្រកូល OPPO Find X8 series ។
ស្មាតហ្វូន Find X8 Mini នេះ នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី OPPO Find X8 Ultra ឬនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្ទាប់ពីការបង្ហាញខ្លួន។ ថ្មីៗនេះ អ្នកទម្លាយ Smart Pikachu ក៏បានចែករំលែកនូវព័ត៌មានលម្អិតរបស់ស្មាតហ្វូន Find N5 ផងដែរ។ តាមការបែកធ្លាយនេះ បានបង្ហាញថា ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់បត់បានដែលមានកម្រិត 2K+ ដែលនឹងផ្តល់នូវបទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យបំផុត។

ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Find N5 អាចនឹងបង្ហាញខ្លួនជាស្មាតហ្វូនដែលមានបត់បានដំបូងបំផុតរបស់ពិភពលោកដែលមានបន្ទះឈីប Snapdragon 8 Elite។ ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ា 50-Megapixel Sony Triple ផងដែរ។ ការបែកធ្លាយថ្មីមួយទៀតទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Find N5 នឹងបង្ហាញខ្លួនបន្ទាប់ពីចូលឆ្នាំចិននៅក្នុងឆ្នាំ 2025 នេះ។ ស្មាតហ្វូន N5 នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលក្នុងនាមជាស្មាតហ្វូន OnePlus Open 2 ៕
