
Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឆ្លាវៃ ក៏ដូចជាផលិតផលអេឡិចត្រូនិចសម្រាប់ប្រើប្រាស់ជាច្រើនទៀត ដ៏មានសក្តានុពលនៅលើទីផ្សារប្រទេសចិន និងទីផ្សារពិភពលោក ពេលនេះបានត្រៀមខ្លួនរួចរាល់ក្នុងការប្រកាសចេញលក់នៅរថយន្តអគ្គិសនីដំបូងរបស់ខ្លួនជាផ្លូវការណ៍នាពេលឆាប់ៗនេះ បន្ទាប់ពីការទន្ទឹងរងចាំអស់រយះពេលជាច្រើនឆ្នាំ។ រថយន្តអគ្គិសនីម៉ូដែលដំបូងបង្អស់របស់ Xiaomi គឺមានឈ្មោះផ្លូវការណ៍ថា Xiaomi SU7 ដែលជាប្រភេទរថយន្ត Sedan នឹងចេញលក់ផ្លូវការណ៍នៅថ្ងៃទី 28 ចុងខែមីនា ឆ្នាំនេះ។
Xiaomi SU7 នឹងមានសម្រាប់អតិថិជនធ្វើតេស្តសាកល្បងជាផ្លូវការណ៍នៅថ្ងៃទី 25 ខែមីនា ហើយក៏បានបើកទទួលការបញ្ជាក់ទិញមុនរួចហើយដែរ។ សម្រាប់អតិថិជនដែលចាប់អារម្មទៅលើរថយន្ត SU7 របស់ Xiaomi អាចចូលទៅទស្សនាការដាក់តាំងបង្ហាញរថយន្តអគ្គិសនីនេះដោយផ្ទាល់នៅតាមបណ្តាហាងណាមួយក្នុងចំណោមហាងទាំង 59 របស់ Xiaomi ដែលមានទីតាំងស្ថិតនៅក្នុងក្រុងចំនួន 29 ទូទាំងប្រទេសចិន។ សម្រាប់តម្លៃនៅតែជាចំណុចសំខាន់នៃការរំពឹងទុកសម្រាប់រថយន្តអគ្គិសនី Xiaomi SU7។

ខណៈពេលដែលស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun បានបង្ហើបថា SU7 អាចនឹងមានតម្លៃរាងថ្លៃបន្តិច ប៉ុន្តែ ប្រភពព័ត៌មានដែលបានលេចធ្លាយក្នុងឧស្សាហកម្មនេះ បង្ហាញពីតម្លៃបឋមរបស់ SU7 ថា នឹងមានតម្លៃចាប់ផ្តើមចន្លោះពីប្រហែលខ្ទង់ $35,636 ទៅ $53,017។ ជួរតម្លៃដ៏ពិសេសនេះនឹងធ្វើឱ្យ SU7 ក្លាយជាដៃគូប្រជែងទីផ្សរជាមួយនឹង Tesla Model 3 បាននៅទីផ្សារប្រទេសចិន។

Xiaomi SU7 បានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីមួយជាប្រភេទ rear-wheel-drive ដែលអាចធ្វើការ generate ថាមពលកំលាំងបាន 299PS ជាមួយកំលាំងមូល 400Nm ហើយអាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចំនាយពេលខ្ទង់ 5.3 វិនាទី និងអាចជាន់ល្បឿនលឿនបំផុត (Top-Speed) ដល់ 210km/h។ រថយន្តអគ្គិសនី Sedan នេះ មានប្រវែងខ្លួន 4,997mm ទទឹង 1,963 mm និងកម្ពស់ 1,455 mm។ បន្ថែមពីនេះ Xiaomi SU7 បានបំពាក់កញ្ចប់អាគុយទំហំ 73.6kWh ដែលអាចបើកបរបានចំងាយផ្លូវ 668km នៅពេលសាកភ្លើងពេញម្តង នេះបើតាមការបញ្ជាក់ពី CLTC។

សម្រាប់ម៉ូដែល Xiaomi SU7 Max វិញបានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 2 ដំណើរការដោយប្រព័ន្ធ All-Wheel-Drive ដែលអាចផលិតកំលាំងបាន 673PS ហើយអាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ប្រើពេលខ្ទង់ 2.8 វិនាទី និងអាចជាល្បឿន Top Speed បានដល់ 265km/h។ ម៉ូដែលនេះបានបំពាក់នូវកញ្ចប់អាគុយអគ្គិសនីទំហំ 101kWh ដែលតាមការបញ្ជាក់ពី CLTC គឺអាចបើកបានចំងាយផ្លូវដល់ 821km នៅពេលសាកភ្លើងមួយពេញម្តង។

ចំនែករចនាបថខាងក្នុងរបស់ Xiaomi SU7 គឺប្រកបដោយភាពប្រណិត ជាមួយបច្ចេកវិទ្យាទំនើបៗសម្រាប់ការប្រើប្រាស់ដូចជាអេក្រង់កម្សាន្តនៅចំកណ្តាលទំហំធំកម្រិត 3K ជាមួយអេក្រង់់ Digital នៅក្រោយចង្កូត រីដៃចង្កូតមានភ្ជាប់ជាមួយប៊ូតុងបញ្ជាក់មុខងារដ៏ទំនើបហោះថា Flat-bottom និងចន្លោះកណ្តាលមានរចនាបថទំនើបមិនចាញ់រថយន្ត Tesla ឡើយ។ សម្រាប់ប្រព័ន្ធដំណើរការផ្នែកកម្សាន្តរបស់ Xiaomi ត្រូវបានគេដឹងថា ដំណើរការដោយបន្ទះឈីប Snapdragon 8295 របស់ Qualcomm៕
