
យោងតាមពាក្យចចាមអារ៉ាមថ្មី ដែលបានចែកចាយនៅថ្ងៃនេះ បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ Huawei អាចនឹងមានតម្លៃខ្ពស់ជាងជំនាន់មុនដល់ទៅ 2 ខ្ទង់ ដែលអាចនឹងថ្លៃដល់ទៅ 4000 ដុល្លារ។ តម្លៃនេះត្រូវបានគេមើលឃើញថាខ្ពស់ជាងគូរប្រជែងទាំងអស់ដែលមានលក់នៅលើទីផ្សារ ហើយពេលនេះ ក្រុមហ៊ុនក៏កំពុងតែស្វែងរកដំណោះស្រាយថ្មីសម្រាប់ស្មាតហ្វូនជំនាន់ថ្មីនេះដូចគ្នា។
បើតាមការបង្ហោះនៅលើបណ្តាញ X របស់អ្នកទម្លាយ @jasonwill គឺមានការសសេរថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ Huawei អាចនឹងមានតម្លៃខ្ពស់ជាង 35000 យ៉ន់។ ស្មាតហ្វូនថ្មីនេះ គឺកំពុងតែមានការចាប់អារម្មណ៌ខ្លាំងប៉ុន្តែមិនទាន់មានការបញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើស្មាតហ្វូនថ្មីនេះនៅឡើយទេ។ មើលទៅពេលនេះ ក្រុមហ៊ុន Huawei គឺបាននឹងកំពុងតែស្វែងរកនូវដំណោះស្រាយថ្មីៗ ដើម្បីបន្ថយតម្លៃទៅលើស្មាតហ្វូនអេក្រង់បត់ 3 តង់នេះជាមុនសិន មុននឹងមានការសម្រេចចិត្តផ្តើមសង្វាក់ផលិតកម្មទ្រង់ទ្រាយធំទៅលើម៉ូដែលថ្មីនេះ។ មានការព្យាករណ៌ថា Huawei នឹងមានផលវិបាកចំពោះរឿងនេះ។

អ្នកទម្លាយរូបនេះ ក៏បានធ្វើការកត់សម្គាល់ថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ Huawei គឺមានតម្លៃខ្ពស់ដល់ទៅ 2 ដង ប្រៀបធៀបជាមួយនិងស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ Samsung ម៉ូដែល Galaxy Z Fold 6 ដែលតែនឹងប្រកាសចេញកាលពីពេលថ្មីៗនេះ។ ស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ Huawei ថ្មីនេះ អាចនឹងមានតម្លៃ $4000 ឬតម្លៃខ្ពស់ជាងនេះថែមទៀតផង។

មានការលើកឡើងថា ហេតុផលដែលធ្វើអោយ ស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ Huawei ថ្មីនេះ មានតម្លៃថ្លៃនោះ គឺដោយសារតែក្រុមហ៊ុននេះ អាចនឹងមានការប្រើប្រាស់ការឌីស្សាញនូវគន្លឹះថ្មី ឬក៏បញ្ហាច្រើននៅក្នុងការផលិត ក៏ដូចជាភាពយឺតយ៉ាវនៃការផលិតបន្ទះឈីប Kirin ជំនាន់ថ្មី។ ជាមួយគ្នានេះ ថ្មីៗនេះ ក៏មានការទម្លាយថា ក្រុមហ៊ុន Huawei អាចនឹងមានការប្រកាសចេញនូវស្មាតហ្វូនស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះនៅខែក្រោយនេះផងដែរ។ ស្មាតហ្វូននេះក៏នឹងស្ថិតនៅក្នុងសង្វាក់ផលិតកម្មនាពេលឆាប់ៗនេះដូចគ្នា។ ថ្មីៗនេះ Yu Chengdong ក៏បានកាន់ប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ Huawei នេះផងដែរ។
