ស្វែងរកពួកយើង:

ពាក្យចចាមអារ៉ាមថ្មីនិយាយថា Samsung នឹងប្រើប្រាស់នូវបន្ទះឈីប Exynos តែមួយប៉ុណ្ណោះនៅលើ Galaxy S25

ដោយ

Koun Jab Luffy

04 មីនា 2024 04:54 ល្ងាច

អាន 2 នាទី

Article image
បច្ចុប្បន្ននេះ ការជជែកវែកញែកជាច្រើនស្តីពីសមត្ថភាពនៃការប្រើប្រាស់បន្ទះឈីប Exynos និងបន្ទះឈីប Snapdragon គឺបាននឹងកំពុងតែធ្វើឡើងនៅក្នុងបណ្តាញសង្គម និងប្លុកជាច្រើន។
ស្របពេលជាមួយគ្នានេះ កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Samsung បានប្រើប្រាស់បន្ទះឈីប Snapdragon តែមួយប៉ុណ្ណោះសម្រាប់ស្មាតហ្វូន Galaxy S23 series របស់ខ្លួន ដោយបានធ្វើអោយអ្នកគាំទ្រជាច្រើនមានការរីករាយខ្លាំងមែនទែន។ ក្រឡេកមកមើលឆ្នាំ 2024 នេះវិញ ក្រុមហ៊ុន Samsung បានសម្រេចនាំយកនូវបន្ទះឈីប Exynos មកប្រើនៅលើស្មាតហ្វូន Galaxy S24 ដោយបានទុកតែប្រភេទ Ultra ប៉ុណ្ណោះ ដែលបន្តប្រើ Snapdragon។
បន្ទាប់ពីការស្ទាបស្ទង់ធ្វើតេស្តទៅលើការប្រើប្រាស់បន្ទះឈីប  Exynos 2400 រួចមកឃើញថា បន្ទះឈីបនេះ មានការពង្រឹងច្រើនជាងបន្ទះឈីប Exynos ជំនាន់មុន ប៉ុន្តែនៅមិនទាន់ខ្លាំងក្លាជាងបន្ទះឈីប  Snapdragon នោះទេ។ នៅឆ្នាំក្រោយនេះ Samsung បានបង្ហាញនូវមហិច្ឆិតាកាន់តែធំ ដោយមានគម្រោងក្នុងការប្រើប្រាស់តែបន្ទះឈីប Exynos ប៉ុណ្ណោះ នៅលើស្មាតហ្វូន Galaxy S25 series របស់ខ្លួន។
ថ្មីៗនេះ យោងតាមពាក្យចចាមអារ៉ាមថ្មី បាននិយាយថា នៅក្នុងឆ្នាំ 2025 ខាងមុខនេះ ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវ Snapdragon នៅលើស្មាតហ្វូន Galaxy Z Series ខណៈពេលដែលស្មាតហ្វូន Galaxy A series ដែលបង្ហាញខ្លួននៅក្នុងឆ្នាំនេះ នឹងមានបន្ទះឈីប Exynos និង MediaTek ប៉ុណ្ណោះ។
សូមជំរាបថា កន្លងមក មានការទម្លាយថា បន្ទះឈីបជំនាន់ថ្មី Exynos 2500 ដែលនឹងបង្ហាញវត្តមាននៅពេលខាងមុខនេះ គឺនឹងមានការពង្រឹងកាន់តែខ្លាំង។ ក្នុងនោះក៏មានបញ្ជាក់ពីហេតុផលចំនួន 4 របស់បន្ទះឈីបនេះផងដែរ ក្នុងមានដូចជា:
•ក្រុមហ៊ុន Samsung បានបង្កើតនូវក្រុមដាច់ដោយឡែកមួយទៀតក្នុងការរៀបចំទៅលើបន្ទះឈីប Exynos ជំនាន់ថ្មី
•ក្រុមហ៊ុននឹងប្រើប្រាស់នូវបន្ទះឈីប Exynos ជំនាន់ថ្មីនេះសម្រាប់ស្មាតហ្វូន Galaxy
•បន្ទះឈីប Flagship Exynos នឹងប្រើប្រាស់នូវដំនើរការ 3nm fabrication ជំនាន់ទី 3 របស់ក្រុមហ៊ុន Samsung Foundry
•អង្គគណនា Cortex-X5 CPU core របស់ក្រុមហ៊ុន Arm នឹងមានល្បឿនលឿនជាង CPUs ដែលប្រើប្រាស់នៅក្នុងបន្ទះឈីប A/M series chipsរបស់ Apple