
នៅថ្ងៃនេះមានសេចក្តីរាយការណ៌ថ្មីនិយាយថា ក្រុមហ៊ុន Huawei បាននឹងកំពុងតែធ្វើការនៅលើសិនស័រ CMOS ទំហំ 1-អ៊ីងនៅលើស្មាតហ្វូន Pura 80 ដែលជាម៉ូដែលថ្មីរបស់ខ្លួនហើយ។ ផ្អែកលើការលើកឡើងនេះ ប្រសិនបើនេះគឺជាការពិតមែននោះ បញ្ជាក់ថា នេះគឺជាលើកដំបូងហើយដែលក្រុមហ៊ុន Huawei សម្រេចធ្វើការអភិវឌ្ឍទៅលើសិនស័រផ្ទាល់ខ្លួន។ ជាមួយនិងការវិវត្តន៌ថ្មីនេះ នឹងធ្វើអោយស្មាតហ្វូននេះ កាន់តែមានការចាប់អារម្មណ៌ទៅការថតរូប និងវីដេអូ។
ក្រុមហ៊ុន Huawei ធ្លាប់បានបញ្ជាក់ថា ខ្លួននឹងនាំមក ‘beyond imagination’ និងមានការអភិវឌ្ឍកាន់តែខ្លាំងទាំងទៅលើបច្ចេកវិទ្យា និងទៅផ្នែករឹងនៃស្មាតហ្វូននេះ។ ថ្មីៗនេះមានពាក្យចចាមអារ៉ាមបានបញ្ជាក់ថា សិនស័រកាមេរ៉ា គឺជាផ្នែកមួយដ៏សំខាន់នៃបច្ចេកវិទ្យាជាច្រើនដែលមាននៅលើស្មាតហ្វូននេះ។ ជាមួយគ្នានេះបើតាមការបង្ហោះនៅលើ Weibo ដោយអ្នកទម្លាយ @DigitalChatStation បានបញ្ជាក់ថា ក្រុមហ៊ុន Huawei ប្រហែលជានឹងបង្ហាញសិនស័រដំបូងរបស់ខ្លួនដែលមានទំហំ 1-អ៊ីង CMOS នេះ នៅលើកាមេរ៉ាគោលស្មាតហ្វូនជំនាន់់ថ្មី Pura 80 Series ក្នុងឆ្នាំនេះហើយ។

បន្ថែមពីនេះការបែកធ្លាយខាងលើនេះ គឺមិនមានការបញ្ជាក់ពីការចាប់ដៃរវាងក្រុមហ៊ុន Huawei ជាមួយនិង OmniVision នោះទេ ដោយដៃគូរទាំងពីរនេះអាចនឹងធ្វើនៅលើឡែនផ្សេងទៀត។ នៅលើសិនស័រគោលរបស់ស្មាតហ្វូនថ្មីនេះ គឺនឹងមានការបំពាក់នូវបច្ចេកវិទ្យាថ្មីជាច្រើនដែលមានការអភិវឌ្ឍឡើងដោយខ្លួនឯង។ ការតម្លើងនូវបច្ចេកវិទ្យានេះ នឹងធ្វើអោយប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូននេះកាន់តែមានភាពសំបូរបែបជាក់ជាមិនខាន។

តាមរយៈនៃការទម្លាយខាងលើនេះ មានការអ្នកតាមដានជាច្រើននិយាយថា ក្រុមហ៊ុន Huawei នឹងមានការប្រើប្រាស់នូវសិនស័រ CMOS ទំហំ 1-អ៊ីងនៅលើស្មាតហ្វូន Pura 80 Ultra ផងដែរ។ ប៉ុន្តែមកដល់ថ្ងៃនេះ Huawei នៅមិនទាន់ចេញសេចក្តីប្រកាសណាមួយទាក់ទងជាមួយនិងព័ត៌មានលំអិតនៃស្មាតហ្វូននេះនៅឡើយទេ។
