ស្វែងរកពួកយើង:

ព័ត៌មានចចាមអារ៉ាមនិយាយថា iPhone Air ជំនាន់ទី 2 នឹងបន្តមានវត្តមាននៅឆ្នាំ 2026 ជាមួយតម្លៃធូរថ្លៃខ្ទង់ $899

ដោយ

Koun Jab Luffy

30 ធ្នូ 2025 07:12 ព្រឹក

អាន 2 នាទី

Article image
នៅក្នុងព្រឹត្តិការណ៍ប្រកាសចេញទូរស័ព្ទ iPhone 17 Series កាលពីអំឡុងខែកញ្ញា Apple បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀតជាមួយនឹងវត្តមាន iPhone ម៉ូដែលថ្មី ឈ្មោះថា iPhone Air ដែលបានចូលខ្លួនមកជំនួសម៉ូដែលលក់មិនសូវដាច់ iPhone Plus Series។ iPhone Air គឺជាទូរស័ព្ទ iPhone ដែលមានកម្រាស់ស្តើងបំផុតក្នុងប្រវត្តិសាស្ត្រទូរស័ព្ទ iPhone និងប្រវត្តិសាស្ត្រទូរស័ព្ទស្មាតហ្វូន។
iPhone Air មានកម្រាស់ស្តើងមែនទែន គឺត្រឹម 5.6mm តែប៉ុណ្ណោះ។ យ៉ាងណាមិន បន្ទាប់ពីការបង្ហាញវត្តមានរួចមក iPhone Air ហាក់មានទីផ្សារលក់មិនសូវជាខុសគ្នានឹង iPhone Plus Series ប៉ុន្មានឡើយ ដោយវាមានតម្រូវការពីអតិថិជនតិចតួចបំផុត បើធៀបនឹង iPhone 17 Series។ ហើយស្របពេលជាមួយគ្នានេះ ក៏មានលេចលឺព័ត៌មានចចាមអារ៉ាមថា Apple អាចនឹងមិនបញ្ចេញជំនាន់ទីពីររបស់ iPhone Air គឺ Air 2 នោះទេនៅឆ្នាំក្រោយនេះ។ ប៉ុន្តែ មានប្រភពព័ត៌មានមួយកាលពីខែវិច្ឆិកាកន្លងទៅ បានទម្លាយដោយបញ្ជាក់ថា iPhone Air 2 នឹងមានវត្តមាននៅក្នុងរដូវផ្ការីកនៃឆ្នាំ 2027។
ដោយឡែកក្នុងពេលនេះប្រភពចេញពីគណនី Weibo ឈ្មោះថា Fixed Focus Digital បានធ្វើការអះអាងថា iPhone Air 2 ដែលជាអ្នកស្នងដំណែងរបស់ Air បច្ចុប្បន្ន ក៏នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ប្រកាសចេញ iPhone ជំនាន់ថ្មីឆ្នាំ 2026 ដែលនឹងធ្វើឡើងក្នុងខែកញ្ញា ឆ្នាំ 2026 ផងដែរ។ទន្ទឹមនឹងនេះ គណនីដដែលក៏បានអះអាងទៀតថា Apple ក៏នឹងមានការប្រកាសចេញទូរស័ព្ទ iPhone 17e នៅរដូវផ្ការីកក្នុងឆ្នាំ 2026 ហើយសង្វាក់ផលិតទ្រង់ទ្រាយធំ 17e ក៏បានចាប់ផ្តើមហើយដែរ។
Article image
ជាមួយគ្នានេះ បើតាមប្រភពព័ត៌មានចចាមអារ៉ាមដែលបានចេញផ្សាយថ្មីៗនេះ បាននិយាយថា Apple នឹងធ្វើការប្រកាសចេញ iPhone ជំនាន់ថ្មីឆ្នាំ 2026 គឺ iPhone 18 Pro និង iPhone 18 Pro Max រួមជាមួយ iPhone Fold នៅក្នុងព្រឹត្តិការណ៍នាខែកញ្ញា ឆ្នាំ 2026។ ចំនែកម៉ូដែល iPhone 18, iPhone 17e និង iPhone Air 2 នឹងត្រូវប្រកាសចេញនៅក្នុងព្រឹត្តិការណ៍នានិទាឃរដូវឆ្នាំ 2027 “Spring Events”។ តាមប្រភពព័ត៌មានចចាមអារ៉ាមបាននិយាយថា iPhone Air 2 នឹងមានបំពាក់កាមេរ៉ាក្រោយពីរគ្រាប់ បង្កើនទំហំថ្មធំជាងមុន និងពង្រឹងប្រព័ន្ធបន្សាបកំដៅ “vapor chamber cooling” ដំណើរការល្អប្រសើរជាងមុន ហើយនឹងមានតម្លៃធូរថ្លៃប្រហែលខ្ទង់ $899 ធៀបនឹង iPhone Air បច្ចុប្បន្នដែលមានតម្លៃខ្ទង់ $999៕
ព័ត៌មានចចាមអារ៉ាមនិយាយថា iPhone Air ជំនាន់ទី 2 នឹងបន្តមានវត្តមាននៅឆ្នាំ 2026 ជាមួយតម្លៃធូរថ្លៃខ្ទង់ $899