
ខណៈពេលដែលពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូន Redmi K80 series កំពុងតែមានសន្ទុះនាពេលថ្មីៗនេះ ក្រុមហ៊ុននេះ ក៏មិនទាន់បញ្ចេញនូវស្មាតហ្វូននៅក្នុងត្រកូល K70 series ដែលមានឈ្មោះហៅថា Redmi K70 Ultra នៅឡើយទេ។ បើតាមការទម្លាយមុននេះ បានអោយដឹងថា ការបង្ហាញនូវស្មាតហ្វូននេះ អាចនឹងឆាប់ៗនេះហើយ បន្ទាប់ពីស្មាតហ្វូនថ្មីនេះបានបង្ហាញខ្លួននៅលើ IMEI database របស់ក្រុមហ៊ុន GSMA រួចមក។
នៅក្នុងបញ្ជីនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូននេះ មានលេខម៉ូដែល 2407FRK8EC ហើយនិងមានឈ្មោះថា Redmi K70 Ultra។ សម្រាប់ “C” នៅចុងលេខម៉ូដែលនេះ ត្រូវបានគេបញ្ជាក់ថា គឺជាម៉ូដែលមួយដែលមានលក់សម្រាប់ទីផ្សារប្រទេសចិន ហើយក្រុមហ៊ុន Redmi មិនទាន់បានប្រកាសស្មាតហ្វូននេះនៅក្នុងទីផ្សារសកលនៅឡើយទេ។ មានរំពឹងថា ក្រុមហ៊ុននេះអាចនឹងបង្ហាញនូវស្មាតហ្វូនដែលមានការ Rebrand ចេញពីម៉ូដែល Xiaomi 14T Pro ដែលថ្មីៗនេះ ទើបតែបង្ហាញខ្លួននៅលើ IMEI database ផងដែរ។ នៅក្នុងបញ្ជី IMEI នេះ នៅមិនទាន់មានការទម្លាយអំពីលក្ខណៈសម្បត្តិស្មាតហ្វូននេះនោះទេ។ ខណៈដែលការបែកធ្លាយជាច្រើន ដែលបានទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនខ្លះៗហើយ។
ស្មាតហ្វូន Redmi K70 Ultra ត្រូវបានគេទម្លាយថា នឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9300+ និងមានថាមពលថ្មទំហំ 5500mAh។ ជាមួយគ្នានេះបើតាមការបញ្ជាក់នៅក្នុង 3C នេះ បានអោយដឹងថា ស្មាតហ្វូននេះ នឹងមានបច្ចេកវិទ្យាសាកថ្មលឿន 120W wired fast charging ហើយនិងមានរ៉េមទំហំ 24GBLPDDR5X RAM រួមនិងអង្គចងចាំទំហំ 1TBUFS 4.0 storage។ ស្មាតហ្វូន K70 Ultra នេះគឺមានគែមដែលមានលោហធាតុ និងកញ្ចក់នៅខាងក្រោយ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ាទំហំ 50-megapixel primary, ultra-wide-angle lens និង macro ។
ផ្នែកខាងមុខរបស់ស្មាតហ្វូន Redmi K70 Ultra គឺនឹងមានការបំពាក់នូវអេក្រង់កម្រិត 1.5K OLED គាំទ្រជាមួយនឹងបន្ទះឈីប Dual-core display chip ទៀតផង។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន K70 Ultra នេះ គឺមានមុខងារការពារទៅលើធូលី និងការពារទឹកបាននៅក្នុងស្ថានភាពលំបាកៗផងដែរ។ ក្រុមហ៊ុន Redmi អាចនឹងបង្ហាញនូវស្មាតហ្វូន K70 Ultra នៅក្នុងខែនេះ ឬនៅក្នុងខែកក្កដាខាងមុខនេះហើយ ដោយរង់ចាំក្រុមហ៊ុន Xiaomi ប្រកាសជាផ្លូវការជាមុនសិន ៕
