ស្វែងរកពួកយើង:

ភីកអាប់ Mitsubishi Triton ឈ្នះបាននូវពានរង្វាន់ ឡានមានការរចនាល្អបំផុតនៅជប៉ុន

ដោយ

Koun Jab Luffy

11 មករា 2025 08:57 ព្រឹក

អាន 2 នាទី

Article image
បច្ចុប្បន្ននេះ ឡានភីកអាប់មានការរចនារូបរាងកាន់តែសង្ហា និងទាក់ទាញខ្លាំង មិនចាញ់ឡានប្រភេទផ្សេងប៉ុន្មានឡើយ។ ជាក់ស្តែង ថ្មីៗនេះ ភីកអាប់ Mitsubishi Triton ជំនាន់ថ្មី ទើបតែបានឈ្នះពានរង្វាន់ Japan Car of the Year Design Award ប្រចាំឆ្នាំ 2024-2025 ទៀតផង។ អាចនិយាយបានថា នេះគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែរ ដែលឡានភីកអាប់អាចទទួលបានពានរង្វាន់មួយនេះ ខណៈបេក្ខភាពដែលឈរនៅវគ្គចុងក្រោយ រួមមានដូចជា Mazda CX-80, Toyota Land Cruiser Prado និង Mini Cooper ផងដែរ។
បើយោងតាមមូលហេតុរបស់គណៈកម្មាធិការ នៃពានរង្វាន់ Japan Car of the Year បានឲ្យដឹងថា ភីកអាប់ Mitsubishi Triton មានភាពទាក់ទាញជាសកល បែបមាំ និងបង្ហាញពី Lifestyle បែបថ្មី ហើយភាសាឌីហ្សាញ Dynamic Shield របស់វា ក៏បានដើរតួយ៉ាងពិសេស និងសំខាន់ ក្នុងការទាញយកចំណាប់អារម្មណ៍របស់គណៈកម្មាធិការ ផងដែរ។
Article image
គួររំលឹកឲ្យដឹងដែរថា ពានរង្វាន់ Japan Car of the Year កាលពីឆ្នាំមុន គឺបានទៅលើឡានប្រភេទខ្នាតតូច Delica Mini។យ៉ាងណាមិញ ភីកអាប់ Mitsubishi Triton ស៊េរីឆ្នាំ 2024 បានផ្លាស់ប្តូរថ្មីទាំងស្រុង ជាមួយនឹងការរចនារូបរាងមាំជាងមុន ហាប់ណែនជាងមុន និងកាចជាងមុន ផងដែរ។ សម្រាប់ទីផ្សារប្រទេសកម្ពុជាយើង ភីកអាប់ខ្នាតកណ្តាលនេះ ចែកចេញជា 2 ប្រភេទ គឺ Mitsubishi Triton GLS និង Mitsubishi Triton GLS Extra Plus។
Article image
រថយន្តនេះ ក៏បានផ្លាស់ប្តូរម៉ាស៊ីនថ្មីដែរ ដោយបំពាក់ម៉ាស៊ីនម៉ាស៊ូត ចំណុះ 2.4L VG Turbo ទំហំ 4 ស៊ីឡាំង ដែលមានកម្លាំង 184 HP និង កម្លាំងរមួល 430 NM ហើយដំណើរការដោយប្រអប់លេខអូតូ 6 វគ្គ និង ប៉ុង 2 (4WD) និងមានកម្រិតស៊ីប្រេងជាមធ្យម ចន្លោះពី 7-8L/100KM ហើយមានចំណុះធុងប្រេង 75L។
ភីកអាប់ Mitsubishi Triton ឈ្នះបាននូវពានរង្វាន់ ឡានមានការរចនាល្អបំផុតនៅជប៉ុន