
Toyota ទើបតែបញ្ចេញផ្លូវការណ៍រថយន្ត Pick Up ជំនាន់ទី 9 ឆ្នាំ 2026 ក្នុងត្រកូល HiLux របស់ខ្លួនដែលមានជម្រើសប្រើម៉ាស៊ីនម៉ាស៊ូត និងប្រើថាមពលថ្មសុទ្ធ។ ឡាន Pick up ដ៏ពេញនិយមរបស់ជប៉ុន មួយនេះ ត្រៀមចេញលក់នៅលើទីផ្សារជប៉ុន អាមេរិក និងទីផ្សារមួយចំនួនទៀតនៅចុងឆ្នាំនេះ ខណៈទីផ្សារអូស្ត្រាលីនៅឆ្នាំក្រោយ (2026)។ ជាមួយគ្នានេះ Toyota HiLux Travo Series 2026 ដែលត្រៀមចូលទីផ្សារអូស្ត្រាលីខាងមុខនេះ ត្រូវបាន Toyota Australia បញ្ជាក់ថា គឺមានម៉ូដែលប្រើអគ្គិសនីសុទ្ធផងដែរ។
ហើយថ្មីៗនេះ បើតាមការធ្វើតេស្តចម្ងាយបើកបរ (Lab-testing) បានបញ្ជាក់ថា Toyota HiLux Travo-e ដែលចេញលក់នៅទីផ្សារអូស្ត្រាលី គឺអាចបើកបរបានចម្ងាយផ្លូវ 240km នៅពេលសាកភ្លើងពេញម្តង។ ជាមួយគ្នានេះ បើតាមការធ្វើតេស្តក្នុងការបើកបរនៅលើផ្លូវហាយវ៉េ ដែលមានសណ្តោងរ៉ឺម៉កផងដែរនោះសម្រាប់រថយន្តអគ្គិសនីផ្សេងទៀតនៅសហរដ្ឋអាមេរិក គឺបានកាត់បន្ថយចម្ងាយបើកបកមកនៅជាង 100km ប៉ុណ្ណោះ នៅពេលសាកថ្មពេញម្តង។ បើទោះបីជាតម្លៃរបស់ Toyota HiLux Travo-e មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់សម្រាប់ទីផ្សារអូស្ត្រាលីក៏ដោយ ប៉ុន្តែ មានការសន្និដ្ឋានថា HiLux Travo-e នឹងមានតម្លៃថ្លៃជាងម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូត។

ផ្អែកតាមលក្ខណៈសម្បត្តិ HiLux Travo-e នៅទីផ្សារអឺរ៉ុបបានបង្ហាញថា ឡាន Electric Pick up ជំនាន់ថ្មីនេះ គឺបំពាក់កញ្ចប់ថ្មទំហំ 59.2kWh សាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 240km តាមស្តង់ដារតេស្ត WLTP និងជាង 300km តាមស្តង់ដារតេស្ត NEDC។ HiLux Travo-e អាចបើកបរបានចម្ងាយជិតជាង 9% ធៀបនឹង Isuzu D-Max ដែលបំពាក់កញ្ចប់ថ្មទំហំ 66.9kWh ធំជាង 12% សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 263km ខណៈម៉ូដែល LDV eT60 បំពាក់កញ្ចប់ថ្មទំហំ 88.6kWh អាចបើកបរបានចម្ងាយផ្លូវ 330km (WLTP)។

Toyota HiLux Travo-e 2026 ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនី 2 ដោយម៉ូទ័រមុខអាចផលិតកម្លាំងបាន 82kW និងកម្លាំងរមួល 205Nm ខណៈម៉ូទ័រក្រោយអាចផលិតកម្លាំងបាន 129kW និងកម្លាំងរមួល 269Nm ដែលកម្លាំងអូសទាញសរុបបាន 144kW ខុសគ្នាតិចតួច ធៀបនឹងម៉ូដែលប្រើម៉ាស៊ីនដែលមានកម្លាំង 150kW។ HiLux Travo-e 2026 គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន DC Fast Charging កម្លាំង 125kW ដែលសាកភ្លើងពិ 20% ទៅ 80% ចាយពេល 1 ម៉ោង សាកលឿនជាងម៉ូដែល Isuzu D-Max ពីរដង និងបីដងធៀបនឹងឡានអគ្គិសនី SUV មួយចំនួន។

Toyota HiLux Travo-e 2026 អាចដឹកទំងន់បាន 715kg នៅលើគ្រែដឹក និងសណ្តោងទំងន់បាន 1,600kg ខណៈម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូត 2.8-Litre អាចសណ្តោងទំងន់បាន 3,5 តោន។ ជាមួយគ្នានេះ HiLux Travo-e 2026 មានប្រព័ន្ធចាក់សោរប៉ុងក្រោយ ឬ Locking rear differential, បំពាក់យ៉ាន់កង់ឌីស្សាញកាំបែប Aerodynamic ទំហំ 17-inch ប្រភេទ Alloy-wheel និងមានអេក្រង់បង្ហាញព័ត៌មានទំហំ 12.3-inch ជាដើម។ HiLux Travo-e 2026 នឹងមានជម្រើសពីរម៉ូដែលផ្សេងគ្នាសម្រាប់ទីផ្សារអូស្ត្រាលីដូចជា Travo-e SR និង Travo-e SR5 ហើយនឹងមានតម្លៃចាប់ពីខ្ទង់ $75,000 ឡើងទៅ៕
