
ក្រុមហ៊ុនផលិតបន្ទះឈីបដែលកំពុងមានសក្តានុភាពនៅលើទីផ្សាររបស់តៃវ៉ាន់ គឺ MediaTek ត្រូវបានគេដឹងថា នឹងមានការប្រកាសចេញកំពូលឈីបស្មាតហ្វូនជំនាន់ថ្មី Dimensity 9400 SoC នៅក្នុងខែតុលាឆាប់ៗខាងមុននេះ។ ជាមួយគ្នានេះ នៅពេលនេះក៏មានការទម្លាយចេញពីសមត្ថភាពអង្គ GPU (Graphics Processor Unit ដែលប្រើនៅលើកំពូលឈីបជំនាន់ថ្មីនេះផងដែរ។ ការទម្លាយព័ត៌មានថ្មីនេះ គឺតាមរយះគណនីទម្លាយព័ត៌មានល្បីឈ្មោះរបស់ចិនឈ្មោះថា Digital Chat Station។
បើតាមទិន្នន័យនៃការធ្វើតេស្តដែលបង្ហាញដោយ Digital Chat Station ឲ្យឃើញថា ការធ្វើតេស្តសមត្ថភាព GPU របស់ Dimensity 9400 តាមរយះ GFX Aztec 1440P នៃកម្មវិធី Vulkan បង្ហាញថា GPU នៃកំពូលឈីបជំនាន់ថ្មីនេះ គឺមានកម្រិតពិន្ទុខ្ពស់ដល់ទៅ 134fps ដែលធៀបនឹងពិន្ទុ GPU របស់ឈីប iPhone 16 Pro Series របស់ Apple គឺ A18 Pro ដែលមានពិន្ទុត្រឹម 72fps និង Qualcomm Snapdragon 8 Gen 3 ដែលមានពិន្ទុប្រមាណ 95fps។ តាមទិន្នន័យពិន្ទុនេះ គឺបានបង្ហាញថា GPU របស់ MediaTek Dimensity 9400 គឺមានសមត្ថភាពខ្លាំងជាង 86% ធៀបនឹង GPU របស់ A18 Pro របស់ iPhone 16 Pro Series និង 41% ធៀបនឹង GPU របស់ឈីបនាគរាជ Qualcomm Snapdragon 8 Gen 3។

កំពូលឈីបស្មាតហ្វូនជំនាន់ថ្មីនេះត្រូវបានគេដឹងថា ប្រើប្រាស់បន្ទះឈីប Mali-G925-Immortalis MC12 GPU ជំនាន់ចុងក្រោយ ជាមួយអង្គគណនា Arm Cortex-X925 CPU ដែលមានល្បឿន 3.63GHz។ កន្លងមកក៏មានលេចលឺព័ត៌មានថា សមត្ថភាព GPU របស់ MediaTek Dimensity 9400 គឺខ្លាំងជាងប្រមាណ 30% ធៀបនឹង GPU របស់ Qualcomm Snapdragon 8 Gen 3។
តាមការបញ្ជាក់ពី ARM ដែលជាអ្នកផលិតអង្គ GPU បានឲ្យដឹងថា Immortalis G925 ជំនាន់ចុងក្រោយផលិតឡើងដោយផ្តោតទៅលើ ថាមពលនៃប្រព័ន្ធដំណើរការកម្រិតខ្ពស់ និងប្រសិទ្ធិភាពថាមពលនៃអង្គ GPU បើធៀបនឹងជំនាន់ G720។ ដោយក្នុងនោះមានការបង្ហើនប្រសិទ្ធិភាព 37% សម្រាប់ graphics application performance, 52% សម្រាប់ ray tracing for complex objects, 34% សម្រាប់ AI និង machine learning workload performance និង 30% ទៅលើការសន្សំសំចៃថាមពលក្នុងការប្រើប្រាស់។

សម្រាប់បន្ទះឈីប A18 Pro ជំនាន់ថ្មីរបស់ Apple ដែលប្រើនៅលើ iPhone 16 Pro និង 16 Pro Max ប្រើប្រាស់អង្គ GPU Six-core ដែលបង្កើនប្រសិទ្ធិភាពប្រសើរជាងជំនាន់មុនប្រមាណ 20%។ យ៉ាងណាមិញសម្រាប់ទិន្នន័យអង្គ GPU របស់ MediaTek Dimensity 9400 មិនទាន់បានបញ្ជាក់ជាផ្លូវការណ៍នៅឡើយទេ នេះគ្រាន់តែជាព័ត៌មានបែកធ្លាយប៉ុណ្ណោះ យើងនឹងរងចាំការបង្ហាញវត្តមានផ្លូវការណ៍នៅខែក្រោយនេះទាំងអស់គ្នា។
ស្របពីជាមួយគ្នានេះ Qualcomm ដែលក្រុមហ៊ុនផលិតបន្ទះស្មាតហ្វូន Android ឈានមុខគេ ក៏ត្រូវបានគេដឹងថា ត្រៀមធ្វើការប្រកាសចេញកំពូលឈីបនាគរាជជំនាន់ថ្មីរបស់ខ្លួននៅក្នុងខែតុលាខាងមុខនេះផងដែរ។ ដូចនេះចាំមើលថា តើកំពូលឈីបស្មាតហ្វូន Android របស់ក្រុមហ៊ុនទាំងពីរមួយណាមានអនុភាពខ្លាំងជាងមួយណាទៅ៕
